(អូតាវ៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ប្រទេសកាណាដា កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងដំណើរទស្សនកិច្ចមិនបានប្រកាសឱ្យដឹងមុន ដើម្បីស្វែងរកការគំាទ្របន្ថែមពីសម្ព័ន្ធមិត្តសម្រាប់ប្រទេសរបស់លោកដែល កំពុងប្រយុទ្ធតតាំងនឹងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី បានធ្វើដំណើរដល់កាណាដា បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាទីដែលលោកបានជួបប្រធានាធិបតី ចូ បៃដិន នៅឯសេតវិមាន។ នៅលើកញ្ចក់ទូរទស្សន៍កាណាដា គេឃើញនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានទទួលស្វាគមន៍ លោក ហ្សេលេនស្គី នៅពេលប្រធានាធិបតីអ៊ុយក្រែនរូបនេះចុះពីលើយន្ដហោះនៅឯអាកាសយានដ្ឋានក្នុងទីក្រុងអូតាវ៉ា។ នេះជាដំណើរទស្សនកិច្ច លើកដំបូងបំផុតរបស់លោក ហ្សេលេនស្គី នៅកាណាដា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។

គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្ដល់ជំនួយយោធាបន្ថែម សម្រាប់អ៊ុយក្រែន ដែលខាងមន្ទីរបញ្ចកោណបញ្ជាក់ថាមានទំហំទឹកប្រាក់ ៣២៥លានដុល្លារ។

តាមការឱ្យដឹងពីមន្ទីរបញ្ចកោណ កញ្​ចប់ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានបញ្ចូលប្រព័ន្ធមីស៊ីលការពារដែនអាកាស គ្រាប់រំសេវសម្រាប់ ប្រព័ន្ធមីស៊ីល HIMARS អាវុធប្រឆាំងរថក្រោះ និងគា្រប់កាំភ្លើងធំ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នៅក្នុងកញ្ចប់ជំនួយយោធានេះគេមិនបាន ឃើញមានប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលទីក្រុងកៀវ ទទូ​ចសុំម្ដងហើយម្ដងទៀតជាយូរមកហើយនោះទេ៕

រូបភាពពី AP