(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោកបោះជំហានបន្ថែម នៅក្នុងការអភិវឌ្ឍ ទំនាក់ទំនងជាមួយទីក្រុងមូស្គូ ក្រោយបំពេញទស្សនកិច្ចនៅរុស្ស៉ីកាលពីពេលថ្មីៗនេះ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមានថា រាល់កិច្ចសហប្រតិបត្តិការយោធាស្ដីពីអាវុធ គឺជាគ្រោះថ្នាក់ និងបង្កជាផលវិបាក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាអំឡុងកិច្ចប្រជុំការិយាល័យនយោបាយកាលពីថ្ងៃពុធ ទី២០ ខែកញ្ញា លោក គីម ជុងអ៊ុន ដាក់បញ្ជា និងលើកឡើងពីផែនការការងារ ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែម ដល់កម្រិតខ្ពស់ថ្មីមួយនៅ ដំណាក់កាលជាក់ស្ដែង សំដៅពង្រឹងភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក គីម នៅរុស្ស៉ី។ KCNA ឱ្យដឹងទៀតថាលោក គីម ក៏បានកត់សម្គាល់ផងដែរពីតម្រូវការចំាបាច់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើគ្រប់វិស័យ ក៏ដូចជាចូលរួមចំណែកយ៉ាង សំខាន់ដល់ការលើកកម្ពស់សុខមាលភាពប្រជាជននៃប្រទេសទាំង២។

គួរបញ្ជាក់ថា នៅពេលបំពេញទស្សនកិច្ចទៅកាន់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី កាលពីពេលថ្មីៗនេះ លោក គីម ជុងអ៊ុន បានជួបជាមួយ ប្រធានាធិបតីរុស្ស៉ី លោក ពូទីន និងបានធ្វើទស្សនកិច្ចទៅកាន់រោងចក្រយោធា និងបច្ចេកវិទ្យាទំនើបៗរបស់រុស្ស៉ី។ មេដឹកនាំទាំង២ ថែមទាំងបានគូសបញ្ជាក់ទៀតផងថានឹងធ្វើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ​ ដែលនេះ បានបន្សល់ទុកការសង្ស័យកាន់តែខ្លាំងដល់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងអាវុធ ស្របពេលលោក ពូទីន កំពុងស្វែងរកអាវុធ ដើម្បីបន្តធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន៕

រូបភាពពី AP