(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថារថក្រោះប្រយុទ្ធ M1 Abrams ដំបូងនឹងត្រូវប្រគល់ទៅដល់ដៃ អ៊ុយក្រែន នៅសប្ដាហ៍ក្រោយ ដើម្បីជួយពង្រឹងសមត្ថភាពកងកម្លាំងអ៊ុយក្រែនដែលកំពុងតស៊ូវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដី របស់ខ្លួន ក្នុងល្បឿនសន្សឹមៗនៃប្រតិបត្តិការវាយបក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯ សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក បៃដិន បានសង្កត់ធ្ងន់ដូច្នេះថា «នៅសប្ដាហ៍ក្រោយ រថក្រោះអាមេរិក Abrams ដំបូង នឹងត្រូវបញ្ជូនទៅដល់អ៊ុយក្រែន»។ បន្ថែមពីលើនេះ លោកប្រធានាធិបតីអាមេរិកក៏បានប្រកាសដែរ ពីការផ្ដល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលខាងមន្ទីរបញ្ចកោណបញ្ជាក់ថាមានទំហំទឹកប្រាក់ ៣២៥លានដុល្លារ។

តាមការឱ្យដឹងពីមន្ទីរបញ្ចកោណ កញ្​ចប់ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានបញ្ចូលប្រព័ន្ធមីស៊ីលការពារដែនអាកាស គ្រាប់រំសេវសម្រាប់ ប្រព័ន្ធមីស៊ីល HIMARS អាវុធប្រឆាំងរថក្រោះ និងគា្រប់កាំភ្លើងធំ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នៅក្នុងកញ្ចប់ជំនួយយោធានេះគេមិនបាន ឃើញមានប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលទីក្រុងកៀវ ទទូ​ចសុំម្ដងហើយម្ដងទៀតជាយូរមកហើយនោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានសន្យាផ្ដល់រថក្រោះ Abrams ចំនួន ៣១គ្រឿង សម្រាប់អ៊ុយក្រែនកាលពីដើមឆ្នាំ២០២៣ ជាផ្នែក មួយនៃកញ្ចប់ជំនួយយោធា ៤៣ពាន់លានដុល្លារ ដែលត្រូវបានសន្យាផ្ដល់ដោយសហរដ្ឋអាមេរិក ក្នុងរយៈពេល១៨ខែមកនេះ។ រថក្រោះ Abrams ក៏នឹងត្រូវបានបំពាក់គា្រប់ ១២០មីលីម៉ែត្រមានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ដែលអាចបាញ់ទម្លុះរថក្រោះផងដែរ៕