(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki នៅថ្ងៃពុធ ទី២០ ខែកញ្ញានេះបាននិយាយថាប្រទេសរបស់លោកនឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យ អ៊ុយក្រែន ដ្បិតត្រូវផ្តោតលើវិស័យការពារជាតិរបស់ខ្លួនឯង ជាការឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ដែលសួរថាតើប៉ូឡូញនឹងបន្តផ្ដល់ជំនួយយោធាសម្រាប់ ទីក្រុងកៀវតទៅទៀត បើទោះជាប្រទេសទាំង២ កំពុងមានជម្លោះនឹងគ្នាជុំវិញធញ្ញជាតិ ដែរឬក៏យ៉ាងណា?

លោក Mateusz Morawiecki បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែនទៀតនោះទេ ដោយសារតែបច្ចុប្បន្ន យើងកំពុងបំពាក់អាវុធ ឱ្យប៉ូឡូញដែរ ជាមួយអាវុធទំនើបៗបន្ថែម»។ ចំណែក ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ក៏បានប្រដូចអ៊ុយក្រែនទៅនឹងមនុស្សកំពុងលង់ទឹកម្នាក់ដែល កំពុងអូសអ្នកជួយខ្លួនឱ្យលង់ទឹកទៅជាមួយ។ ការអត្ថាធិប្បាយបែបនេះរបស់លោក Duda ធ្វើឡើង ចំពេលប៉ូឡូញបានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ដើម្បី សម្ដែងការតវ៉ាចំពោះការលើកឡើងរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថាមានប្រទេសមួយចំនួននៅអឺរ៉ុប កំពុងហាមឃាត់ការនាំចូលធញ្ញជាតិនៃប្រទេសរបស់លោកដែលនេះជាទង្វើកំពុងជួយដល់រុស្ស៉ី។ ការលើកឡើង របស់លោក ហ្សេលេនស្គី ទោះជាមិនបាននិយាយចំឈ្មោះក៏ដោយ តែវាបានធ្វើឱ្យប៉ូឡូញផ្ទុះកំហឹងជាខ្លាំង រហូតដល់លោក Duda ព្រមានថាអាចនឹងពង្រីក វិសាលភាពបន្ថែមនៃបម្រាមលើការនាំចូលផលិតផលចំណីអាហារពីអ៊ុយក្រែនទៀតផង។

ប៉ូឡូញគឺជាអ្នកគាំទ្រដ៏សកម្មមួយសម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំមួយរបស់ ទីក្រុងកៀវផងដែរ ស្របពេលអាវុធមួយភាគធំពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបត្រូវដឹកជញ្ជូនតាមប៉ូឡូញ ទៅឱ្យអ៊ុយក្រែន។ កន្លងមក ក្រុមមន្ត្រីជាន់ខ្ពស់ ប៉ូឡូញ ក៏ធ្លាប់បានទាមទារផងដែរឱ្យអ៊ុយក្រែនបង្ហាញការដឹងគុណ។

*​ ផ្លូវគោកមានសារៈសំខាន់បំផុតសម្រាប់អ៊ុយក្រែន
អ៊ុយក្រែន គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសនាំចេញធញ្ញជាតិ និងប្រេងធញ្ញជាតិធំៗនៅលើពិភពលោក។ នៅមុនសង្រ្គាមផ្ទុះឡើង ផលិតផលកសិកម្ម របស់អ៊ុយក្រែនមួយភាគធំ ត្រូវបាននាំចេញទៅកាន់ជុំវិញពិភពលោកតាមសមុទ្រខ្មៅ។ ប៉ុន្តែ បច្ចុប្បន្នរុស្ស៉ីកំពុងបិទខ្ទប់ការនាំចេញរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅ ជាហេតុបង្ខំឱ្យទីក្រុងកៀវងាកមកនាំចេញទំនិញតាមទន្លេ និងជាពិសេសតាមផ្លូវគោកដែលឆ្លងកាត់តាមប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងរូម៉ានី។

បញ្ហាបានកើតឡើងម្ដងហើយម្ដងទៀត ជាពិសេសនៅប៉ូឡូញជាទីដែលធញ្ញជាតិរបស់អ៊ុយក្រែនមិនត្រឹមតែឆ្លងកាត់ឆ្ពោះទៅកាន់ទីផ្សារដទៃទៀតប៉ុណ្ណោះទេ តែក៏ មានធញ្ញជាតិអ៊ុយក្រែនមួយចំនួនវាយលុកចូលទីផ្សារប៉ូឡូញផងដែរ ដោយបណ្ដាលឱ្យធញ្ញជាតិផលិតដោយកសិករប៉ូឡូញធ្លាក់ចុះថ្លៃ។

បន្ទាប់ពីមានបាតុកម្មតវ៉ាពីក្រុមកសិករ ទាំងប៉ូឡូញ និងហុងគ្រីបានដាក់ការរឹតត្បិត លើការនាំចេញធញ្ញជាតិអ៊ុយក្រែនកាលពីពាក់កណ្ដាលខែមេសា និងបានជំរុញ ឱ្យសហភាពអឺរ៉ុបដាក់បម្រាមជាបណ្ដោះអាសន្នសម្រាប់ទូទាំងសហភាពអឺរ៉ុបទាំងមូល។ បម្រាមនេះបានផុតកំណត់កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនេះ ហើយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុបបាននិយាយថាខ្លួនបានបិទបញ្ចប់បម្រាមនាំចូលនេះ ប៉ុន្តែ ប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី បានប្រកាសភ្លាមៗថាពួកគេ នឹងមិនអនុវត្តតាមឡើយ ជាហេតុជំរុញឱ្យអ៊ុយក្រែនប្ដឹងប្រទេសទាំង៣នេះឡើងតុលាការពាណិជ្ជកម្មពិភពលោក WTO។

* ​នៅប៉ូឡូញ៖ គណបក្សកាន់អំណាចកំពុងព្យាយាមរក្សាអំណាចនៅអាណត្តិថ្មី
គណបក្ស Law and Justice (PiS) ដែលជាបក្សកាន់អំណាចក្នុងប្រទេសប៉ូឡូញ កំពុងផ្តោតជាសំខាន់លើការរក្សាការកាន់អំណាចសម្រាប់អាណត្តិថ្មី។ ប្រទេស ប៉ូឡូញ នឹងត្រូវរៀបចំការបោះឆ្នោតសភាថ្មីមួយនៅថ្ងៃទី១៥ ខែតុលា ហើយប្រជាជនជាកសិករត្រូវបានគេមើលឃើញថាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ជ័យជម្នះរបស់គណបក្ស PiS នៅក្នុងការបោះឆ្នោត ២លើកកន្លងមក កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៩។

ប៉ុន្តែ គណបក្ស PiS ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះប្រជាប្រិយភាពគួរឱ្យកត់សម្គាល់កាលពីនិទាឃរដូវឆ្នាំមុន នៅពេលដែលកសិករប៉ូឡូញផ្ទុះកំហឹង និងនាំគ្នា ធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំងជំទាស់ទៅនឹងគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាលទីក្រុងវ៉ាសូវី និងជំទាស់ការអនុញ្ញាតឱ្យធញ្ញជាតិអ៊ុយក្រែន ដឹកឆ្លងកាត់ទឹកដីប៉ូឡូញ។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឆ្លើយតប ដោយការបណ្ដេញរដ្ឋមន្ត្រីកសិកម្មរបស់លោកចេញពីតំណែង និងជំរុញ ឱ្យគណៈកម្មការអឺរ៉ុបបន្តសុពលភាពលើបម្រាមដែលត្រូវផុតកំណត់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ម្លោះហើយ ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ លោក Morawiecki គ្មានហេតុផលត្រូវបណ្ដោយឱ្យមានបាតុកម្មតវ៉ាជាថ្មីទៀតនោះទេ ដ្បិតវាអាចនឹងធ្វើឱ្យបក្សបាត់បង់សន្លឹកឆ្នោត ហើយនេះជាហេតុផលមួយដែលប៉ូឡូញ អនុវត្តការដាក់បម្រាមឯកតោភាគីលើការនាំចូលធញ្ញជាតិពីអ៊ុយក្រែន។ តែ ក៏មានការអះអាងដែរថាបម្រាមនេះអនុវត្តតែលើការនាំចូល មិនមែនហាមលើការឆ្លងកាត់ នៃធញ្ញជាតិអ៊ុយក្រែននោះទេ។

* នៅស្លូវ៉ាគី៖ ក្រុមអ្នកនយោបាយជាតិនិយមប្រកាន់និន្នាការស្ដាំ កំពុងរង់ចាំឱកាស
នៅស្លូវ៉ាគី ការបោះឆ្នោតសភានឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ ហើយដូចគ្នាទៅនឹងប៉ូឡូញ ស្លូវ៉ាគីក៏កំពុងជួបបញ្ហាឈឺក្បាលនឹងជម្លោះគ្រាប់ធញ្ញជាតិ ដែរ។ ក្រោយស្គាល់ភាពចលាចលជាង៣ឆ្នាំកន្លះនៃរដ្ឋាភិបាលចម្រុះគាំទ្រលោកខាងលិច និងគាំទ្រការធ្វើកំណែទម្រង់ ស្លូវ៉ាគីអាចនឹងមើលឃើញការវិលត្រឡប់មកកាន់ អំណាចឡើងវិញរបស់អតីតនាយករដ្ឋមន្ត្រី លោក Robert Fico។ ក្នុងនាមជាអ្នកសង្គមប្រជាធិបតេយ្យម្នាក់ លោក Fico សព្វថ្ងៃគឺជាអ្នកជាតិនិយមមាននិន្នាការស្ដាំម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងធ្លាប់បង្ហាញគំនិតប្រឆាំងអ៊ុយក្រែន គាំទ្ររុស្ស៉ី ហើយថែមទាំងសន្យាទៀតផងថានឹង បញ្ឈប់ការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។

ដូច្នេះ វាអាចទៅរួចថាការរំពឹងនៃការវិលត្រឡប់របស់លោក Fico បានចូលរួមចំណែក នៅក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលបណ្ដោះអាសន្ន ដើម្បីបន្តរក្សាការរឹតត្បិត លើការនាំចូលធញ្ញជាតិអ៊ុយក្រែន។ ពីព្រោះថាបើទោះជារដ្ឋាភិបាលបណ្ដោះអាសន្នរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Ludovit Odor មានអំណាចមួយចំនួនក៏ដោយ ក៏ក្នុងពេលជាមួយគ្នា លោកមិនចង់ឱ្យអ្នកបោះឆ្នោតរត់ទៅគាំទ្រលោក Fico ដោយសារតែការលើកលែង ឬការដកចេញការរឹតត្បិតលើការនំាចូលធញ្ញជាតិអ៊ុយក្រែន នោះឡើយ។

* នៅហុងគ្រី៖ លោក Viktor Orban ចង់ជម្នះលើភាពឯកោ
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ធ្លាប់បានព្យាករពី «ជម្លោះ» រវាងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបក្នុងតំបន់អឺរ៉ុបខាងកើត និងព្រុចសែល (សហភាពអឺរ៉ុប) នៅមុនសហភាពអឺរ៉ុបសម្រេចចិត្តដកចេញនូវបម្រាម និងការរឹតត្បិតលើការនាំចូលធញ្ញជាតិអ៊ុយក្រែន។ លោកបានចោទប្រកាន់សហភាពអឺរ៉ុបថា ដើរតួនាទីតំណាងឱ្យសហរដ្ឋអាមេរិក ដោយមិនមែនតំណាងឱ្យផលប្រយោជន៍របស់សហភាពអឺរ៉ុបនោះទេ ភ្ជាប់ជាមួយការអះអាងថាធញ្ញជាតិអ៊ុយក្រែនអាចជា ផលិតផលពាណិជ្ជកម្មមួយមានដើមកំណើតពីទឹកដីមួយ ដែលបានស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សហរដ្ឋអាមេរិកតាំងតែពីយូរណាស់មកហើយ។

ខណៈលោក Orban មានគោលដៅចម្បងក្នុងការស្វែងរកការគំាទ្រនៅក្នុងស្រុកជាមួយការថ្លែងសារធ្ងន់ៗបែបនេះ វាក៏ទំនងដែរថាការសម្រេចចិត្តរបស់ហុងគ្រី ក្នុងការ រក្សាទុកបម្រាមលើធញ្ញជាតិអ៊ុយក្រែន ក៏អាចជាការប៉ុនប៉ងមួយដើម្បីយកឈ្នះលើអតីតគូប្រជែងរបស់ខ្លួនផងដែរ។ ដោយមានទំនោរ គាំទ្រលោក ពូទីន និងមានជំហរ ប្រឆាំងអ៊ុយក្រែន លោក Orban មិនត្រឹមតែមានជម្លោះជាមួយសាធារណរដ្ឋឆែក និងស្លូវ៉ាគីប៉ុណ្ណោះទេ តែក៏ឈ្លោះជាមួយប៉ូឡូញដែរក្នុងរយៈពេលជាង១៨ខែមកនេះ ហើយត្រូវរងភាពឯកោនៅក្នុងតំបន់ ដោយសារតែគោលនយោបាយការបរទេសរបស់ខ្លួន៕