(កៀវ)៖ អ៊ុយក្រែនបានព្រមាននៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២១ ខែកញ្ញា) នេះ ថា ខែរដូវរងាដ៏លំបាកនឹងមកដល់ខាងមុខ បន្ទាប់ពីមីស៊ីលរុស្ស៊ី «ដ៏ច្រើនសម្បើម» តម្រង់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយបានសម្លាប់ និងរបួសជាច្រើននៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំតាមអាកាសទៅលើរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៨នាក់រងរបួស ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។

ស្របពេលនៃការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើទីក្រុងកៀវនេះ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងចូលរួមមហាសន្និបាទអង្គការសហប្រជាជាតិដោយបានអំពាវនាវឲ្យ មានការបណ្តេញរុស្ស៉ីចេញពី សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម៥ នៃក្រុមប្រឹក្សាសន្តិសុខ ជាការដាក់ទណ្ឌកម្មសម្រាប់ការឈ្លានពានអ៊ុយក្រែន៕