(វ៉ាសូវី)៖ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងវ៉ាសូវីបានគូសបញ្ជាក់ថា ប៉ូឡូញនឹងបន្តផ្តល់សព្វាវុធ ដែលមានការព្រមព្រៀងគ្នាកន្លងមកជាមួយ​ទីក្រុងកៀវ ឱ្យចប់រួចរាល់ ពោលគឺមួយថ្ងៃបន្ទាប់ពីមេដឹកនាំប៉ូឡូញបានប្រកាសថា នឹងបញ្ចប់ទាំងស្រុងនូវការជួយផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន ចំពេលមានវិវាទរឿងគ្រាប់ធញ្ញជាតិរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

លោក ព្យ័រតឺ មូឡឺ (Piotr Muller) អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងដូច្នេះថា «ប៉ូឡូញនឹងបន្ត​ការផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ប៉ុន្តែសម្រាប់តែគ្រាប់រំសេវនិងសព្វាវុធ ដែលត្រូវបានព្រមព្រៀងគ្នាកន្លងមករួចហើយប៉ុណ្ណោះ»។ ក្នុងថ្ងៃដដែលនេះ ខាងទីក្រុងកៀវក៏បានឱ្យដឹងផងដែរថា ខ្លួននឹងបើកកិច្ចចរចាជាមួយទីក្រុងវ៉ាសូវី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីអង្គុយជជែកទល់មុខគ្នា អំពីបញ្ហាវិវាទដែលកាន់តែតានតឹងខ្លាំង ជុំវិញការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ អ៊ុយក្រែនបានអះអាងថា ភាគីទាំងពីរ​បានបញ្ជាក់ប្រាប់គ្នាទៅវិញទៅមក អំពីចំណងទាក់ទងជិតស្និទ្ធនិងស្ថាបនា ទោះកំពុងប្រឈមបញ្ហាជម្លោះក៏ដោយក្តី។

ប៉ូឡូញគឺជាអ្នកគាំទ្រនយោបាយដ៏ខ្លាំងមួយសម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំមួយ របស់ទីក្រុងកៀវផងដែរ ស្របពេលអាវុធមួយភាគធំពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ត្រូវដឹកជញ្ជូនតាមប៉ូឡូញ ទៅឱ្យអ៊ុយក្រែន។ យ៉ាងណាមិញ ថ្លែងនៅមហាសន្និបាត UN កាលពីថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋមន្រ្តីប៉ូឡូញ បាននិយាយដូច្នេះថា «យើងនឹងមិនបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ទៀតនោះទេ ដោយសារតែបច្ចុប្បន្ន យើងកំពុងបំពាក់អាវុធឱ្យប៉ូឡូញដែរ ជាមួយអាវុធទំនើបៗបន្ថែម»។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលស្ថិតនៅមហាសន្និបាតដូចគ្នា ហាក់បាននិយាយរិះគន់លើទីក្រុងវ៉ាសូវី។

គួរបញ្ជាក់ថា ប៉ូឡូញនិងអ៊ុយក្រែន បានផ្ទុះភាពតានតឹងនឹងគ្នា ដោយសារតែបម្រាមនាំចូលធញ្ញជាតិពីអ៊ុយក្រែនដោយរដ្ឋាភិបាលប៉ូឡូញ ដើម្បីការពារកសិករនៅក្នុងស្រុក។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មការអឺរ៉ុប បាននិយាយថាខ្លួនបានបិទបញ្ចប់បម្រាមនាំចូលនេះ ប៉ុន្តែប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី បានប្រកាសភ្លាមៗ ថាពួកគេនឹងមិនអនុវត្តតាមឡើយ។ កន្លងមក ក្រុមមន្ត្រីជាន់ខ្ពស់ប៉ូឡូញ ក៏ធ្លាប់បានទាមទារផងដែរ ឱ្យអ៊ុយក្រែនបង្ហាញការដឹងគុណ ចំពោះការខិតខំផ្តល់ជំនួយពីសំណាក់ទីក្រុងវ៉ាសូវី៕