(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភានៃប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតអនុម័តសំណើមួយ ដែលស្នើសុំការអនុញ្ញាតពីសភាចំពោះ​ការចាប់ខ្លួនដែលអាចកើតមានឡើង សម្រាប់មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) ខណៈវាគឺជាលទ្ធផលដ៏ភ្ញាក់ផ្អើលមួយ ដ្បិតថា រដ្ឋសភាកូរ៉េខាងត្បូងស្ថិតនៅក្រោម ការគ្រប់គ្រងសំឡេងភាគច្រើនរបស់បក្សប្រឆាំងផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ដោយសំណើខាងលើត្រូវបានរដ្ឋសភាអនុម័តយ៉ាងដូច្នេះ ក្នុងសំឡេងគាំទ្រ១៤៩ ទល់នឹងសំឡេងប្រឆាំង១៣៦ សវនាការមួយនឹងត្រូវបើកធ្វើនៅតុលាការ ដើម្បីសម្រេចថា តើគួរឬមិនគួរផ្តល់ការ​យល់ព្រម ចំពោះសំណើកន្លងមកនេះរបស់ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង សម្រាប់ដីកាចាប់ខ្លួនលោក Lee ពីបទចោទប្រកាន់អំពើពុករលួយ។ យ៉ាងណាមិញ វាមិនទាន់ច្បាស់នោះទេថា លោក Lee នឹងបង្ហាញខ្លួននៅសវនាការនោះដែរឬអត់ ដោយសាររយៈពេលប៉ុន្មានសប្តាហ៍មកនេះ លោកបាន​ធ្វើកូដកម្មបង្អត់អាហារ ដើម្បីប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាល ហើយទើបត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងសប្តាហ៍នេះ ដោយសារ​តែសុខភាពចុះទន់ខ្សោយ។

សំណើខាងលើត្រូវការសំឡេងគាំទ្រយ៉ាងហោច១៤៨ ទើបអាចអនុម័តបាន។ ដោយគណបក្សប្រជាធិបតេយ្យកូរ៉េរបស់លោក Lee មានសមាជិករហូតដល់១៦៨នាក់ ក្នុងរដ្ឋសភាដែលមានអាសនៈសរុបចំនួន២៩៨ លទ្ធផលដែលចេញមកបានបង្ហាញឱ្យឃើញថា សមាជិកសភារាប់សិបនាក់ នៃគណបក្សរបស់លោក Lee ផ្ទាល់ បាននាំគ្នាបោះឆ្នោតគាំទ្រការបើកផ្លូវ សម្រាប់ការចាប់ខ្លួនមេដឹកនាំបក្សរបស់ពួកគេ។ តាមច្បាប់ សមាជិកសភាកូរ៉េខាងត្បូង មានអភ័យឯកសិទ្ធិពិសេស ពេលដែលសភាកំពុងស្ថិតក្នុងសម័យប្រជុំ ហើយអាចអាចត្រូវចាប់ខ្លួនបាន ទាល់តែរដ្ឋសភាផ្តល់ការយល់ព្រម។ យ៉ាងណាមិញ សិទ្ធិពិសេសនោះ បានទទួលរងការរិះគន់ថា វាត្រូវបានប្រើប្រាស់ក្នុងផ្លូវខុស ដើម្បីការពារអ្នកនយោបាយពុករលួយ។

គួរបញ្ជាក់ថា លោក Lee Jae Myung ត្រូវបានចោទប្រកាន់ពីបទបំពានភារកិច្ច តាមរយៈការធ្វើឱ្យខាតបង់ថវិការដ្ឋចំនួន១៥លានដុល្លារ ជុំវិញគម្រោងអភិវឌ្ឍន៍ដីធ្លីមួយ អំលុងពេលលោកជាចៅហ្វាយក្រុងសឹងណាំ (Seongnam)។ ទន្ទឹមគ្នា រូបលោកក៏រងការចោទប្រកាន់ផងដែរ ​អំពីការបង្គាប់ឱ្យក្រុមហ៊ុនមួយ ផ្ទេរថវិកាដោយខុសច្បាប់ចំនួន ៨លានដុល្លារ ទៅកាន់កូរ៉េខាងជើង ពេលលោកជាអភិបាលខេត្តឈឹងហ្គី (Gyeonggi)។ លោក Lee បានបដិសេធថា លោកមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយហៅការចោទប្រកាន់ទាំងនេះថាជា រឿងប្រឌិតនិងមានចេតនានយោបាយ៕