(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា កូរ៉េខាងត្បូងបានសម្រេចដាក់ទណ្ឌកម្មថ្មីទៀត ទៅលើ​បុគ្គលចំនួន១០រូប ព្រមទាំងអង្គភាពចំនួន២ ក្រោមការជាប់ពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែរ និងការធ្វើពាណិជ្ជកម្មសព្វា​វុធរបស់កូរ៉េខាងជើង ជាមួយប្រទេស​ចំនួន៣ រួមមានទាំងរុស្ស៉ីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង និងប្រមុខកងទ័ពរបស់កូរ៉េខាងជើង គឺស្ថិតនៅក្នុងចំណោម​ក្រុមបុគ្គលដែលជាប់ទណ្ឌកម្មថ្មីខាងលើ ខណៈការដាក់ទណ្ឌកម្មថ្មីនេះ ជាការឆ្លើយតបចំពោះសកម្មភាពខុសច្បាប់ផ្សេងៗរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សហគមន៍អន្តរជាតិ ក៏ដូចជាដល់សុខសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង ទណ្ឌកម្មដែលដាក់លើមន្រ្តីជាន់ខ្ពស់យោធាកូរ៉េខាងជើង គឺឆ្លើយតបទៅនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ-មីស៉ីលបាលិស្ទីគរបស់ទីក្រុងព្យុងយ៉ាង។ ទន្ទឹមគ្នានេះ ទីក្រុងសេអ៊ូលក៏ដាក់ទណ្ឌកម្មថ្មីទៅលើ បុគ្គលនិងអង្គភាព​មួយចំនួនទៀត ពាក់ព័ន្ធជាមួយសកម្មភាពធ្វើពាណិជ្ជកម្មសព្វាវុធ ជាមួយប្រទេសចំនួន៣ផងដែរ ដែលរួមមានទាំងរុស្ស៉ី។

គួរបញ្ជាក់ថា ការប្រកាសទណ្ឌកម្មថ្មីខាងលើធ្វើឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសប្តាហ៍នេះថា វានឹងត្រូវចាត់ទុកជាការបង្កហេតុដោយផ្ទាល់ ប្រសិនបើរុស្ស៉ីជួយកូរ៉េខាងជើង​ពង្រឹងកម្មវិធីមីស៉ីល-នុយក្លេអ៊ែរ ជាថ្នូរនឹងការជួយពីទីក្រុងព្យុងយ៉ាង សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ កាលពីសប្តាហ៍កន្លងទៅនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានចំណាយពេលជាច្រើនថ្ងៃ បំពេញទស្សនកិច្ចនៅតំបន់ចុងបូព៌ា​របស់ប្រទេសរុស្ស៉ី ហើយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកយោធា ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន៕