(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សេតវិមានបានអំពាវនាវឱ្យសភាអាមេរិក អនុម័តជំនួយយោធាជាបន្តបន្ទាប់ទៀតសម្រាប់អ៊ុយក្រែន ស្របពេលដែលអ៊ុយក្រែនកំពុងខិតខំ បន្តប្រតិបត្តិការវាយបករបស់ខ្លួន ដើម្បីព្យាយាមដណ្តើមទឹកដីមកពីកងកម្លាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនាំពាក្យសេតវិមាន លោក ចន ខឺប៊ី (John Kirby) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងតែ​ទន្ទឹងរង់ចាំទទួលដំណឹង អំពីទិដ្ឋភាពជាក់ស្តែងនៃសមរភូមិពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅពេលដែល​មេដឹកនាំទាំងពីរ ត្រូវជួបមុខគ្នានៅសេតវិមាន នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់)។ លោក Kirby បានបន្តថា សេតវិមាន​​បានជំរុញឱ្យលោក ហ្សេលេនស្គី ជួបជាមួយក្រុមសមាជិកសភាអាមេរិក ដើម្បីស្នើសុំដោយផ្ទាល់សម្រាប់ការបន្តផ្តល់ជំនួយយោធា ដ្បិតមាន​សមាជិកសភាអាមេរិកមួយចំនួន ជាពិសេសមកពីគណបក្សសាធារណរដ្ឋ បានបង្ហាញសំឡេងមិនគាំទ្រ ឱ្យធ្វើយ៉ាងដូច្នោះ។

លោក ចូ បៃដិន ដែលមកពីបក្សប្រជាធិបតេយ្យ បាននិងកំពុងព្យាយាមជំរុញឱ្យសភាអាមេរិក អនុម័តការផ្តល់ជំនួយសរុបទំហំ ២៤ពាន់លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែន ចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលកំពុងបន្តអូសបន្លាយ។ ខណៈព្រឹទ្ធសភាអាមេរិក ស្ថិតក្រោម​ការគ្រប់គ្រងរបស់បក្សប្រជាធិបតេយ្យ រដ្ឋសភាអាមេរិកគឺត្រូវស្ថិតក្រោមការកាន់កាប់សំឡេងភាគច្រើន របស់បក្សសាធារណរដ្ឋ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី នឹងជួបលោក បៃដិន ក្រោយថ្លែងសារនៅសភាអាមេរិក និងជួបពិភាក្សាជាមួយ​ក្រុមមន្រ្តីយោធាអាមេរិក។ វានឹងជាជំនួបទល់មុខផ្ទាល់លើកទី៦ រវាងមេដឹកនាំទាំងពីរ ហើយនឹងជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក ហ្សេលេនស្គី មកកាន់សេតវិមាន ក្នុងនោះ២លើក គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ ក្រុមមន្រ្តីអាមេរិក ធ្លាប់បានបង្ហើបថា រដ្ឋបាលលោក បៃដិន គ្រោងប្រកាសជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន អំលុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ប៉ុន្តែលោក Kirby មិនបានផ្តល់​ព័ត៌មានលម្អិតពាក់ព័ន្ធរឿងនេះឡើយ៕