(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីស៉ីរី លោក បាសារ អាល់ អាសាដ (Bashar Al-Assad) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរទៅដល់ប្រទេសចិន ដើម្បីចាប់ផ្តើមការបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ក្នុងរយៈពេលជិត២ទសវត្សរ៍ នៅប្រទេសមហាយក្សអាស៉ីមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

អំលុងដំណើរបំពេញទស្សនកិច្ចនេះ លោក អាល់ អាសាដ ត្រូវគេរំពឹងថា នឹងស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសចិន ដើម្បីយកទៅកសាងប្រទេសរបស់លោក ដែលត្រូវបានហែកហួរដោយសង្រ្គាមផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំ។ វត្តមានលោកនៅទីនោះ ក៏ធ្វើឱ្យចិនក្លាយជាប្រទេសមួយចំនួន​តូច នៅក្រៅតំបន់មជ្ឈិមបូព៌ា ដែលលោកប្រធានាធិបតីស៉ីរីបានបំពេញទស្សនកិច្ចផងដែរ គិតចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមស៉ីវិលឆ្នាំ២០១១ ដែលបានសម្លាប់មនុស្សជាង១លាននាក់ និងធ្វើឱ្យរាប់លាននាក់ផ្សេងទៀតត្រូវរត់ភៀសខ្លួន ហើយបំផ្លិចបំផ្លាញហិនហោចខ្ទេចខ្ទី នូវហេដ្ឋរចនាសម្ព័ន្ធនិងឧស្សាហកម្មរបស់ស៉ីរីរ។

លោក អាល់ អាសាដ បានធ្វើដំណើរទៅដល់ទីក្រុងហាងចូវ (Hangzhou) ភាគខាងកើតប្រទេសចិន ជាទីដែលលោកនឹងត្រូវចូលរួម ​ពិធីបើកព្រឹត្តិការណ៍កីឡាអាស៉ី នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ហើយរូបលោកព្រមទាំងមេដឹកនាំបរទេសផ្សេងទៀត នឹងជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅទីនោះ។ បើតាមការិយាល័យប្រធានាធីបតីស៉ីរី លោក អាល់ អាសាដ ក៏នឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំងផងដែរ។

គួរបញ្ជាក់ថា ទស្សនកិច្ចខាងលើ គឺជាដំណើរទស្សនកិច្ចលើកដំបូងហើយរបស់លោក នៅប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០០៤។ ជាយូរមកហើយចិនបានផ្តល់​ការគាំទ្រ ផ្នែកនយោបាយដល់រដ្ឋាភិបាលទីក្រុងដាម៉ាស ជាពិសេសនៅឯក្រុមប្រឹក្សាសន្តិសុខជាតិរបស់អង្គការសហប្រជាជាតិ ជាទីដែលចិន​គឺជាសមាជិកអចិន្រ្តៃយ៍៕