(ញូដេលី)៖ នៅថ្ងៃពុធសប្តាហ៍នេះ ឥណ្ឌាបានព្រមានពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទៅកាន់ផ្នែកខ្លះនៃប្រទេសកាណាដា ចំពេលមានជម្លោះ ការទូតដែលបង្កឡើងដោយសារតែការចោទប្រកាន់របស់ទីក្រុងអូតាវ៉ា ថាទីក្រុងញូដេលីប្រហែលជាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំក្រុមជនជាតិ ភាគតិចស៉ីគ (Sikh)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ដោយមិនមិននិយាយចំៗជម្លោះការទូតកំពុងកើតឡើង ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងថា មានការព្រួយបារម្ភអំពីសុវត្ថិភាពពលរដ្ឋឥណ្ឌានៅក្នុង ប្រទេសកាណាដា ព្រោះតែសារនយោបាយបង្កឲ្យមានការស្អប់ខ្ពើម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា «ការគំរាមកំហែងផ្តោតជាពិសេសទៅលើអ្នកការទូតឥណ្ឌា និងសហគមន៍ឥណ្ឌាមួយចំនួនដែលមិនស្របតាមនិន្នាការប្រឆាំងឥណ្ឌា។ ដូច្នេះជនជាតិឥណ្ឌា ត្រូវបានណែនាំឲ្យចៀសវាងការធ្វើដំណើរទៅកាន់តំបន់ និងទីកន្លែងដែលមានហានិភ័យក្នុងប្រទេសកាណាដា»។ យ៉ាងនេះក្តី សេចក្តីណែនាំមិនបានដាក់ ឈ្មោះទីក្រុង ឬទីតាំងជាក់លាក់សម្រាប់ប្រជាជនឥណ្ឌាគួរចៀសវាងនោះទេ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ កាណាដាបាននិយាយថា ខ្លួនកំពុងតែតាមដានយ៉ាងសកម្ម នូវការសង្ស័យអំពីការជាប់ទាក់ទងគ្នារវាងភ្នាក់ងាររបស់ រដ្ឋាភិបាលឥណ្ឌា ជាមួយនិងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនជនជាតិភាគតិចស៉ីគ (Sikh) នៅខេត្ត British Columbia ប្រទេសកាណាដា កាលពីខែមិថុនា កន្លងទៅ។ ទីក្រុងញូវដេលី បានច្រានចោលការចោទប្រកាន់របស់កាណាដា ជារឿងមិនសមហេតុផលនិងមានចេតនាមិនល្អ ហើយបានទទូចឲ្យ ទីក្រុងអូតាវ៉ា ងាកទៅវិធានការផ្លូវច្បាប់ប្រឆាំងនឹង ចលនាប្រឆាំងប្រទេសឥណ្ឌា ដែលធ្វើប្រតិបត្តិការចេញពីទឹកដីរបស់ខ្លួន។ ក្រោយមក ឥណ្ឌានិង កាណាដា ប្រកាសបណ្តេញមន្រ្តីទូតគ្នាទៅវិញទៅមក៕