(ប៉េកាំង)៖ យប់ថ្ងៃទី២១ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ក្រុងJohannesburg ដើម្បីអញ្ជើញចូលរួមកិច្ចជំនួបលើកទី១៥ នៃថ្នាក់ដឹកនាំប្រទេស BRICS និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាហ្វ្រិកខាងត្បូង ។

នៅវេលាប្រហែលម៉ោង១១ យប់ យន្តហោះពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ ព្រលានយន្តហោះអន្តរជាតិ Tambo នៃក្រុង​ Johannesburg ។ នៅព្រលានយន្តហោះ លោក Xi Jinping បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរថា លោកជឿជាក់ថាកិច្ចជំនួបថ្នាក់ដឹកនាំនៃប្រទេស BRICS នឹងក្លាយជានិមិត្តសញ្ញាដ៏សំខាន់ ក្នុងដំណើរអភិវឌ្ឍន៍នៃយន្តការសហប្រតិបតិ្តការនៃប្រទេស BRICS ហើយនឹងលើកកម្ពស់សាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ​របស់ប្រទេសកំពុងអភិវឌ្ឍន៍ឱ្យឡើងដល់កម្រិតកាន់តែខ្ពស់។ ក្រៅពីនេះ លោកនឹងចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំចិននិងអាហ្វ្រិក ក្នុងន័យរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាហ្វ្រិក ធ្វើការពិគ្រោះពិភាក្សានិងគ្រោងផែនការ ដើម្បីរួមគ្នាជំរុញសន្តិភាពសកលលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន