(បាងកក)៖ គណបក្សភឿថៃ នៅថ្ងៃអង្គារ ទី២២ ខែសីហានេះបានប្រកាសជាផ្លូវការពីការតែងតាំងមហាសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃរបស់សភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

លោក Srettha Thavisin ត្រូវបានគេរំពឹងខ្ពស់ថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរបស់សភា នៅថ្ងៃអង្គារនេះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដឹកនាំរដ្ឋាភិបាលចម្រុះមួយដ៏ចម្រូងចម្រាស ដែលមានរួមបញ្ចូលទាំងគណបក្សគាំទ្រដោយយោធាថៃ។

គួរបញ្ជាក់ថា សភាថៃនឹងកោះប្រជុំ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ថៃ នៅរសៀលថ្ងៃអង្គារនេះ ចំពេលនៃការវិលត្រឡប់ចូលស្រុក ថៃវិញរបស់លោក ថាក់ស៊ីន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងក្រោយរស់នៅនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ៕