(តូក្យូ)៖ ការជូនដំណឹងរបស់កូរ៉េខាងជើង ស្តីពីការបាញ់បង្ហោះផ្កាយរណប ចន្លោះពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ខែសីហា ដែលជាការប៉ុនប៉ងលើកទី ២របស់ខ្លួននៅឆ្នាំ ២០២៣នេះ ជំរុញឲ្យមានការរិះគន់ពីសំណាក់ប្រទេសជប៉ុន ដោយចាត់ទុកសកម្មភាពបែបនេះជារឿង «គួរឲ្យសោកស្តាយបំផុត»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) បានអំពាវនាវដល់កូរ៉េខាងជើងឲ្យបញ្ឈប់ផែនការបាញ់បង្ហោះផ្កាយរណបនោះ ហើយនិយាយថា ជប៉ុនកំពុងរៀបចំប្រព័ន្ធការពារមីស៊ីល PAC-3 របស់ខ្លួន និងប្រមូលព័ត៌មាន។ លោក គីស៉ីដា បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ការបាញ់បង្ហោះបែបនេះ គឺជារឿងដ៏គួរឲ្យសោកស្តាយបំផុត»

គួរបញ្ជាក់ថា បើតាមឆ្មាំសមុទ្រជប៉ុន តំបន់ដែលបានគ្រោងទុកសម្រាប់ការបាញ់បង្ហោះផ្កាយរណបសាជាថ្មីរបស់កូរ៉េខាងជើង អាចចាត់ទុកជាតំបន់អាចមានគ្រោះថ្នាក់ក្នុងនោះរួមមានសមុទ្រលឿង សមុទ្រខាងកើត និងដែនទឹកភាគខាងកើត នៃកោះ Luzon របស់ហ្វីលីពីន៕