(ហ្សាការតា)៖ ក្រសួងការពារជាតិឥណ្ឌូណេស៉ី និងក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង F-15EX ចំនួន ២៤គ្រឿង ដើម្បីជួយធ្វើទំនើបកម្មកងយន្តហោះរបស់ប្រទេសអាស៊ានមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

ក្រុមហ៊ុន Boeing បានឲ្យដឹងថា មន្ត្រីមកពីក្រសួងការពារជាតិឥណ្ឌូណេស៉ី និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ នៅឯរោងចក្រ ក្នុងរដ្ឋមីសស៊ូរី (Missouri) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បើទោះបីជាដំណើរនៅស្ថិតក្រោមការយល់ព្រមពីរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៉ី លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) បានគូសបញ្ជាក់ថា «យន្តហោះចម្បាំងដ៏ទំនើបនេះ នឹងជួយការពារ ក៏ដូចជាធានាសន្តិសុខប្រទេសរបស់យើង ជាមួយនឹងសមត្ថភាពកម្រិតខ្ពស់របស់វា»

គួរបញ្ជាក់ថា F-15EX គឺជាយន្តហោះចម្បាំងដែលបានធ្វើទំនើបកម្មពី F-15 ជាមួយនឹងការគ្រប់គ្រងការហោះហើរតាមខ្សែបណ្តាញឌីជីថល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ឥណ្ឌូណេស៉ី បានបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីជួសជុលកងយន្តហោះរបស់ខ្លួន ដែលរួមមានយន្តហោះ F-16 ផលិតដោយសហរដ្ឋអាមេរិក និងយន្តហោះចម្បាំងរុស្ស៉ី Sukhoi Su-27 និង Su-30។ នៅឆ្នាំ ២០២៣នេះ ទីក្រុងហ្សាការតា ទើបនឹងបានទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿងក្នុងតម្លៃ ៨.១ពាន់លានដុល្លារ៕