(មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៤គ្រឿងនៅក្បែរទីក្រុងមូស្គូ និងនៅតំបន់ប្រ៊ីយ៉ាន់ស្ក៍ (Bryansk) ដែលស្ថិតជាប់ព្រំដែនជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារថ្មីចុងក្រោយនេះទេ។ យន្តហោះដ្រូនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើទីប្រជុំជនក្រាស្នូហ្គូស (Krasnogorsk) ជាយក្រុងមូស្គូ និងជាតំបន់ធ្វើការរបស់រដ្ឋបាលក្រុង។ ចំណែក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា ដែនអាកាសលើរដ្ឋធានីមូស្គូត្រូវបិទមួយរយៈពេលខ្លី ហើយអាកាសយានដ្ឋានធំៗចំនួន ៣ ក៏បានផ្អាកជើងហោះហើរផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែន មិនធ្លាប់ទទួលជាផ្លូវការអំពីការវាយប្រហារដោយយន្តហោះដ្រូនលើទឹកដីរុស្ស៉ី ដែលបាននឹងកំពុងកើនឡើងនាពេលថ្មីៗនេះនោះទេ។ ប៉ុន្តែ នៅពេលត្រូវបានសាកសួរអំពីការវាយប្រហារបែបនេះ អ្នកនាំពាក្យនាយករដ្ឋានស៉ើបការណ៍សម្ងាត់ពិសេសរបស់អ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទសប្តាហ៍នេះថា កិច្ចការរបស់ខ្លួនគឺកំពុងដំណើរការ៕