(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ការសន្យាផ្តល់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកពីសំណាក់ប្រទេសដាណឺម៉ាក ធ្វើឲ្យលោកមានទំនុកចិត្តថាអ៊ុយក្រែនអាចបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ីបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

កាលពីចុងសប្តាហ៍មុន ដាណឺម៉ាក និងហូឡង់ បានប្រកាសថា នឹងផ្គត់ផ្គង់យន្តហោះ F-16 ដល់អ៊ុយក្រែន ដោយ ៦គ្រឿងដំបូងប្រហែលជាត្រូវដឹកជញ្ជូននៅអំឡុងឆ្នាំថ្មីខាងមុខ បន្ទាប់ពីសហរដ្ឋអាមេរិក យល់ព្រមលើការបញ្ជូនយន្តហោះប្រភេទនេះ មុនដំណើររបស់ លោក ហ្សេលេនស្គី ទៅកាន់ទីក្រុងកូប៉ិនហាក (Copenhagen)។ ថ្លែងចំពោះមនុស្សរាប់ពាន់នាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រៅសភាដាណឺម៉ាក លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ថ្ងៃនេះយើងមានទំនុកចិត្តថារុស្ស៉ី នឹងចាញ់សង្គ្រាម»

គួរបញ្ជាក់ថា តាមផែនការ ដាណឺម៉ាក នឹងចែកចាយយន្តហោះសរុបចំនួន ១៩ គ្រឿងដល់អ៊ុយក្រែន។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក បានកត់សម្គាល់ថា សម្រាប់យន្តហោះចម្បាំង F-16 អ៊ុយក្រែនអាចប្រើតែនៅក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ៕