(តូក្យូ)៖ កូរ៉េខាងជើង បានជូនដំណឹងដល់ជប៉ុនពីផែនការបាញ់បង្ហោះផ្កាយរណបមួយ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ មិនដល់៣ខែស្រួលបួលផង បន្ទាប់ពីបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបយោធាមួយដែលបានធ្លាក់ចូលសមុទ្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

រដ្ឋាភិបាលជប៉ុន បានអះអាងពីការជូនដំណឹងខាងលើរបស់កូរ៉េខាងជើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ជាមួយការបញ្ជាក់ថាទីក្រុង ព្យុងយ៉ាង បានជូនដំណឹងដល់ជប៉ុនពីផែនការបាញ់បង្ហោះផ្កាយរណប។ លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ក៏បានណែនាំផងដែរឱ្យរដ្ឋាភិបាលរបស់ លោកធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងប្រទេសដទៃទៀត ដើម្បីជំរុញឱ្យកូរ៉េខាងជើងលុបចោលផែនការបាញ់ បង្ហោះផ្កាយរណបនេះ។

គួរបញ្ជាក់ថា បើតាមឆ្មាំសមុទ្រជប៉ុន ការបាញ់បង្ហោះផ្កាយរណបសាជាថ្មីរបស់កូរ៉េខាងជើង អាចនឹងធ្វើឡើងនៅចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែសីហានេះ ហើយតំបន់ដែលត្រូវបានចាត់ទុកជាតំបន់អាចមានគ្រោះថ្នាក់ក្នុងនោះរួមមានសមុទ្រលឿង សមុទ្រខាងកើត និងដែនទឹកភាគខាងកើត នៃកោះ Luzon របស់ហ្វីលីពីន៕