(អង់ការ៉ា)៖ ក្រុមមន្ត្រីបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបើកចេញពីផ្លូវ ហើយបានធ្លាក់ចូលទៅក្នុងប្រឡាយចិញ្ចើមផ្លូវមួយកន្លែង នៅភាគកណ្តាលប្រទេសតួកគីកាលពីរសៀលថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ១២ នាក់ និង១៩នាក់ទៀតរងរបួស។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

អភិបាលខេត្ត លោក Mehmet Ali Ozkan បាននិយាយថា អ្នកបើកបររថយន្តក្រុងបានបាត់បង់ការគ្រប់គ្រងរថយន្ត ហើយបន្ទាប់មករថយន្តក៏បានធ្លាក់ចូលទៅក្នុងប្រឡាយចិញ្ចើមផ្លូវមួយនៅក្បែរទីក្រុង Yozgat ភាគកណ្តាលនៃប្រទេសតួកគី។

លោក Özkan បានគូសបញ្ជាក់ថា អ្នកដំណើរ ១១នាក់បានស្លាប់នៅកន្លែងកើតហេតុ ខណៈដែលអ្នកដំណើរម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ចំណែកអ្នក​ដំណើរ​ដែល​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្បែរ​នោះ ហើយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​មាន​សភាព​ធ្ងន់ធ្ងរ។

អាជ្ញាធរបាននិយាយថា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងដំណើរការ ប៉ុន្តែបានលើកឡើងថា វាហាក់ដូចជាលទ្ធផលនៃ «ការធ្វេសប្រហែស» របស់អ្នកបើកបរ៕