(ស៊ីដនី)៖ នាវាចម្បាំងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី បានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយហ្វីលីពីន និងសហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះនៅថ្ងៃចន្ទ (២១ សីហា) នេះ ខណៈដែលពួកគេស្វែងរកការបង្កើនទំនាក់ទំនងការពារជាតិ ចំពោះមុខវត្តមានយោធាដែលកំពុងកើនឡើងរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន APF នៅថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០២៣។

នាវាចម្បាំងរបស់អូស្ត្រាលី HMAS Canberra គឺជានាវាដ៏ធំបំផុតមួយ ក្នុងចំណោមនាវាជាច្រើន ដែលចូលរួមក្នុងការធ្វើលំហាត់សមយុទ្ធឈ្មោះ Alon នៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានធ្វើឡើងជាលើកដំបូង និងជាផ្នែកមួយនៃសកម្មភាពឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី។

ទាហាន​ជាង​ ២,០០០​នាក់​មក​ពី​អូស្ត្រាលី និង​ហ្វីលីពីន កំពុង​ចូលរួម​ក្នុង​សមយុទ្ធ​ផ្លូវអាកាស សមុទ្រ និង​ផ្លូវគោក ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​៣១ សីហា ។ ហើយក៏មានទាហានម៉ារីនអាមេរិកប្រហែល ១៥០ នាក់ក៏កំពុងចូលរួមផងដែរ។

ការក្លែងធ្វើជាការវាយប្រហារតាមអាកាសនៅថ្ងៃចន្ទនេះ ធ្វើឡើងនៅភាគខាងត្បូងនៃកោះ Palawan របស់ហ្វីលីពីន ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីប្រជុំកោះ Spratly ដែលជាកន្លែងមានភាពតានតឹងដ៏យូរអង្វែងមកហើយរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី​ក៏​គ្រោងនឹង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​គ្នា ​នៅ​ក្រៅ​ប្រទេស​ហ្វីលីពីន​ក្នុង​សប្តាហ៍​នេះផងដែរ។​ ប្រទេសចិនដាក់ពង្រាយឆ្មាំឆ្នេរសមុទ្ររាប់រយនាក់ ក៏ដូចជាកងទ័ពជើងទឹក និងនាវាផ្សេងទៀត ដើម្បីល្បាតនៅតំបន់ថ្មប៉ប្រះក្នុងដែនទឹកជម្លោះ ដែលខ្លួនអះអាងថាជារបស់ខ្លួនស្ទើរតែទាំងស្រុង៕