(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃចន្ទ (២១ សីហា) ថា ការចំណាយលើវិស័យយោធារបស់តៃវ៉ាន់ នឹងកើនឡើង ៣.៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឈានដល់កម្រិតកំណត់ត្រាថ្មីមួយទៀតនៅឆ្នាំ ២០២៤ ខណៈដែលលោកស្រីបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អវិស័យការពារជាតិ ចំពេលមានការកើនឡើងនៃការគំរាមកំហែងរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ថវិកាការពារជាតិសរុបដែលស្នើឡើងដោយ លោកស្រី Tsai ដែលនឹងត្រូវការការយល់ព្រមពីសភា គឺមានចំនួន ៦០៦.៨ ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើប្រមាណ ១៩ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២.៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កោះនេះ។

ចំនួននេះនឹងក្លាយជាឆ្នាំទី០៧ ជាប់ៗគ្នាដែលកោះនេះបានឃើញពីកំណើន លើការចំណាយយោធា ទោះបីជាអត្រានៃកំណើនមានភាពយឺតប្រចាំឆ្នាំប្រមាណ១៤​ភាគរយក៏ដោយ។

លោកស្រីបាននិយាយថា «តៃវ៉ាន់ត្រូវតែបន្តពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់ខ្លួន បង្ហាញពីការប្តេជ្ញាចិត្តការពារខ្លួន ធានាសន្តិសុខ និងផលប្រយោជន៍ជាតិ និងស្វែងរកការគាំទ្រពីអន្តរជាតិបន្ថែមទៀត»

លោកស្រី Tsai បានមើលឃើញពីតម្រូវការលើកម្មវិធីទំនើបកម្មយោធា ដើម្បីធ្វើឱ្យកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ ឱ្យកាន់តែមានសមត្ថភាពក្នុងការទប់ទល់នឹងប្រទេសចិន ដោយក្នុងនោះរួមមានទាំង ការធ្វើឱ្យប្រសើរឡើងនូវកងយន្តហោះចម្បាំង F-16 របស់ខ្លួន និងការអភិវឌ្ឍនាវាមុជទឹកជាដើម។

គួរបញ្ជាក់ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប៉ុន្តែតៃប៉ិបានបដិសេធយ៉ាងចាស់ដៃ៕