(តេហេរ៉ង់)៖ អ្នកនាំពាក្យនៃក្រសួងការបរទេសអ៉ីរ៉ង់ លោក ណេស្សឺ កាណាអានី (Nasser Kanaani) បាននិយាយនៅថ្ងៃចន្ទនេះថា នីតិវិធីនៃការដោះលែងក្រុមអ្នកទោសជាពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសអ៉ីរ៉ង់ នឹងត្រូវប្រើពេលរហូតដល់២ខែ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃចន្ទនេះ លោក Kanaani បានលើកឡើងយ៉ាងដូច្នេះថា «ពេលវេលាជាក់លាក់ត្រូវបានប្រកាសរួចរាល់​ដោយអាជ្ញាធរពាក់ព័ន្ធ ហើយវានឹងត្រូវចំណាយពេលយូរបំផុតគឺ២ខែ សម្រាប់ឱ្យដំណើរការនេះអាចប្រព្រឹត្តទៅ» ដែលលោកចង់សំដៅលើ ​​នីតិវិធីនៃការដោះលែងអ្នកទោសអាមេរិក។

គួរបញ្ជាក់ថា ក្នុងខែសីហានេះ ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលកំណត់ថា ពលរដ្ឋអាមេរិក៥នាក់ដែលកំពុង​ជាប់ឃុំឃាំង ក្នុងប្រទេសអ៉ីរ៉ង់ នឹងត្រូវបានដោះលែង ជាថ្នូរនឹងទ្រព្យសម្បត្តិប្រមាណ ៦ពាន់លានដុល្លាររបស់អ៉ីរ៉ង់ ដែលត្រូវបានបង្កកនៅក្នុង​ប្រទេសកូរ៉េខាងត្បូង។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៉ីនតោន ក៏នឹងដោះលែងពលរដ្ឋអ៉ីរ៉ង់​មួយចំនួន ពីពន្ធនាគារអាមេរិកផងដែរ៕