(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានចេញផ្សាយ «យុទ្ធសាស្ត្រជាតិស្តីពីការស៊ើបការណ៍ឆ្នាំ២០២៣» ដែលចាត់ទុកប្រទេសចិនជា “ផ្ទាំងស៊ីប” ។ របាយការណ៍នេះបានលើកឡើងថា «ចិនជាដៃគូប្រកួតប្រជែងតែមួយគត់របស់ សហរដ្ឋអាមេរិកដែលប៉ុនប៉ងរៀបចំរបៀបរៀបរយអន្តរជាតិជាថ្មីឡើងវិញ ព្រមទាំងមានសមត្ថភាពកាន់តែខ្លាំងឡើងៗ ក្នុងការសម្រេចបាននូវគោលដៅនេះក្នុងវិស័យសេដ្ឋកិច្ច ការទូត យោធានិងកម្លាំងបច្ចេកវិទ្យា»

លោកស្រី Avril Haines នាយកចារកម្មជាតិរបស់អាមេរិកបានថ្លែងថា របាយការណ៍នេះនឹងផ្តល់ទិសដៅយុទ្ធសាស្ត្រដល់ ​មជ្ឈដ្ឋានស៊ើបការណ៍អាមេរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ។ ក្នុងរបាយការណ៍នៃ «យុទ្ធសាស្ត្រជាតិស្តីពីការស៊ើបការណ៍ឆ្នាំ២០២៣» ដែលសរុបមាន២០ទំព័រនេះ ភាគីអាមេរិកបានលើកឡើង ពីគោលដៅចំនួន៦ ដែលបូករួមទាំងការបង្កើនការកំណត់ទិសដៅនៃមជ្ឈដ្ឋានស៊ើបការណ៍ ដើម្បីឆ្លើយតបនឹងការសាកល្បងពីយុទ្ធសាស្ត្រដ៏ខ្លាំងក្លា និងការបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាដើម ។ របាយការណ៍បានលើកឡើងម្តងទៀតពីប្រទេសចិននិងរុស្ស៊ី ដាស់តឿនឱ្យយកចិត្តទុកដាក់ដល់ ចិននិងរុស្ស៊ីឱ្យបានកាន់តែច្រើនឡើងៗ ដើម្បីឆ្លើយតបនឹង “ការគំរាមកំហែងដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ” របស់ប្រទេសទាំងពីរ ក៏ដូចជាចាត់ទុកប្រទេសចិនជា “ដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាតែមួយគត់” របស់សហរដ្ឋអាមេរិក។

ប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួន​របស់ប្រទេសលោកខាងលិចបានផ្សព្វផ្សាយ “ពាក្យសម្តីស្តីពីការគំរាមកំហែងរបស់ប្រទេសចិន ”ជាញឹកញាប់ ឧទាហរណ៍ដូចជា កាលពីខែមីនាឆ្នាំនេះ ស្ថាប័នស៊ើបការណ៍របស់អាមេរិកបានចេញផ្សាយ “របាយការណ៍ស្តីពីការវាយតម្លៃចំពោះការគំរាមកំហែងប្រចាំឆ្នាំ” មួយច្បាប់ ដោយបានឃោសនាបំប៉ោងយ៉ាងខ្លាំងអំពី អ្វីដែលហៅថា “ការគំរាមកំហែងចំពោះសន្តិសុខជាតិអាមេរិករបស់ប្រទេសចិន ។ កាលនោះ របាយការណ៍ដែលចេញផ្សាយ ដោយការិយាល័យនាយកចារកម្មជាតិរបស់អាមេរិកនេះបានលើកឡើងថា ចិនជាការគំរាមកំហែងខាងសន្តិសុខជាតិដ៏ធំបំផុត ដែលសហរដ្ឋអាមេរិកបានប្រឈមមុខ ហើយចិនបានកាន់កាប់តំណែងដឹកនាំក្នុងវិស័យរ៉ែជាគន្លឹះ របាយការណ៍នេះក៏បានមួលបង្កាច់ថា ចិនបានគ្រប់គ្រងក្រុមហ៊ុន TikTok ដែរ។

តាមការពិត «របាយការណ៍វាយតម្លៃពីការគំរាមកំហែង» នេះជាការវាយតម្លៃដ៏សំខាន់ដែលស្ថាប័នស៊ើបការណ៍អាមេរិក ចេញផ្សាយជាសាធារណៈជារៀងរាល់ឆ្នាំអំពី ការសាកល្បងខាងសន្តិសុខជាតិគ្រប់បែបយ៉ាង ។ ប៉ុន្តែ ខ្លឹមសារអំពីវិស័យមួយចំនួនក្នុងរបាយការណ៍ប្រចាំឆ្នាំ មិនសូវមានការផ្លាស់ប្តូរធំអ្វីទេ ប៉ុន្តែខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិន បានកើនឡើងជាច្រើននៅឆ្នាំនេះ ។ ប្រព័ន្ធសារព័ត៌មានបានវិភាគសម្គាល់ថា នេះបានបង្ហាញថា ស្ថាប័នស៊ើបការណ៍ក្នុងអំឡុងពេលរដ្ឋាភិបាលលោក Joe Biden គឺកាន់តែយកចិត្តទុកដាក់ដល់ប្រទេសចិន ។ មួយរយៈពេលកន្លងទៅនេះ ប្រទេសទាំងពីរចិននិងអាមេរិក ក៏មានការប្រកួតប្រជែងកម្រិតខុសគ្នាក្នុងវិស័យផ្សេងទៀតដែរ។

លោក William Burns ប្រធានទីភ្នាក់ងារ CIA អាមេរិកបានថ្លែងថា កំពុងបង្កើតបណ្តាញស៊ើបការណ៍ចំពោះប្រទេសចិន លោកបានថ្លែងថា ភាគីអាមេរិកចង់អភិវឌ្ឍន៍ចារបុរសឬចារនារីឱ្យបានច្រើននៅប្រទេសចិន ដើម្បីបំពេញកង្វះខាតនៃការឈ្លបការណ៍ មិនគ្រប់គ្រាន់ពីមធ្យោបាយផ្សេងទៀត តាមរយៈប្រមូលការណ៍សម្ងាត់ដោយមនុស្ស។ កាលពីខែកក្កដាឆ្នាំនេះ «ច្បាប់ប្រឆាំងចារកម្ម» របស់ចិនដែលធ្វើវិសោធនកម្មថ្មីបានចូលជាធរមានជាផ្លូវការ ច្បាប់នេះបានកំណត់វិធានការបង្ការ ទប់ស្កាត់ ស៊ើបអង្កេតនិងដាក់ទណ្ឌកម្មទៅលើសកម្មភាពចារកម្មបរទេស និងទង្វើបំផ្លាញផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន ។ បន្ទាប់មក ភាគីអាមេរិកក៏បានបង្ហាញពីភាពតឹងតែងនិងព្រួយបារម្ភ ដែលព្រួយបារម្ភថា សកម្មភាពស៊ើបការណ៍របស់ខ្លួននៅប្រទេសចិន នឹងរងការវាយប្រហារ។

លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា នឹងយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះការនេះ ហើយថ្លែងថា ច្បាប់នេះប្រហែលនឹង «បង្កផលប៉ះពាល់អវិជ្ជមានចំពោះសកម្មភាព ប្រក្រតីរបស់ប្រជាជននិងអង្គការអាមេរិក នៅប្រទេសចិន» ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ដើម្បីរក្សា “អនុត្តរភាពជាឯកតោភាគី” សហរដ្ឋអាមេរិកបានបំផុសសង្គ្រាម ជំរុញរដ្ឋប្រហារនៅទូទាំងពិភពលោក ដែលបូករួមទាំងការលួចស្តាប់នៅគ្រប់ទីកន្លែង អ៊ីចឹង តើអ្នកណាបាននាំមកនូវការគំរាមកំហែង ដល់ពិភពលោកនេះ? មុនពេលមួលបង្កាច់ប្រទេសចិន សហរដ្ឋអាមេរិកត្រូវមើលខ្លួនឯងសិនថាតើបានប្រព្រឹត្តទង្វើអ្វីខ្លះ។

ដូចលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា «ក្នុងនាមជាប្រទេសមហាអំណាចតែមួយគត់ ដែលបំពាក់សព្វាវុធពេញខ្លួន សហរដ្ឋអាមេរិកគួរតែពិនិត្យកំហុសដែលខ្លួនបានប្រព្រឹត្ត អ្វីនិងគួរតែធ្វើអ្វីមុនពេលរិះគន់និងចោទប្រកាន់ប្រទេសផ្សេងទៀត»។ ភាគីអាមេរិកចេញផ្សាយរបាយការណ៍គ្រប់ប្រភេទ ដើម្បីឃោសនាបំប៉ោង “ការគំរាមកំហែងរបស់ចិន”សារចុះសារឡើង មួលបង្កាច់និងវាយប្រហារប្រទេសចិន ប្រការទាំងនេះគ្រាន់តែជាការស្វែងរកលេសដើម្បីពង្រីក កម្លាំងសព្វាវុធនិងរក្សាអនុត្តរភាពឱ្យខ្លួនឯងតែប៉ុណ្ណោះ៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )