(ប៉េកាំង)៖ នាថ្ងៃទី ១៩ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Hon. Lechesa Tsenoli អនុប្រធានរដ្ឋសភាអាហ្រ្វិកខាងត្បូង បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សុកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង Cape ប្រទេសអាហ្រ្វិកខាងត្បូង ព្រមនិងសម្តែងការអបអរសាទរជូនចំពោះ ការឈានដល់កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនពហុជម្រើសអាហ្រ្វិកខាងត្បូង ដែលជាវេទិកាផ្សាយផ្ទាល់តាមរយៈផ្កាយរណបដ៏ធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក។

លោក Tsenoli បានសង្កត់ធ្ងន់ថា គ្រប់មជ្ឈដ្ឋានក្នុងប្រទេសអាហ្រ្វិកខាងត្បូងបាននិងកំពុងទន្ទឹងរង់ចាំលោក Xi Jinping ប្រធានរដ្ឋចិនដែលនឹងទៅបំពេញទស្សនកិច្ច នៅអាហ្រ្វិកខាងត្បូង ហើយជឿជាក់ថា ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសចិនដែលមានទំនាក់ទំនងល្អជិតស្និទ្ធ ដូចជាបងប្អូនប្រាកដជានឹងទទួលបាននូវសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដ៏ធំទូលាយជាមិនខាន ព្រមនិងជំរុញសណ្តាប់ធ្នាប់អន្តរជាតិឱ្យវិវឌ្ឍន តាមទិសដៅដ៏ត្រឹមត្រូវនិងសមហេតុផលថែមទៀត។

ក្នុងជំនួបជាមួយលោក Tsenoli លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋសភាអាហ្រ្វិកខាងត្បូង បង្កើនចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ សំដៅរួមចំណែកក្នុងការជំរុញ ការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកខាងត្បូងក្នុងកម្រិតខ្ពស់។
ក្នុងជំនួបជាមួយលោកស្រីហ្វីលីសូ នាយកប្រតិបត្តិនៃអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ ក្រុមហ៊ុនពហុជម្រើសអាហ្រ្វិកខាងត្បូង លោក Shen Haixiong បានលើកឡើងថា ខណៈពេលដែលលោកប្រធានរដ្ឋចិន Xi Jinping ហៀបនឹងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៥ និងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាហ្វ្រិកខាងត្បូង សង្ឃឹមថាភាគីទាំងពីរអាចឆ្លៀតយកឱកាសនេះ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យព័ត៌មាន ភាពយន្តឯកសារ និងប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីដើរតួនាទីកាន់តែធំក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកក្នុងវិស័យវប្បធម៌មនុស្សជាតិ និងការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកដែលកាន់តែជិតស្និទ្ធ។

ជាការឆ្លើយតប លោកស្រីហ្វីលីសូបានថ្លែងថា ក្រុមហ៊ុនពហុជម្រើសអាហ្រ្វិកខាងត្បូងមានឆន្ទៈ ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្វែងរកចន្លោះសហប្រតិបត្តិការបន្ថែមទៀត លើវិស័យអ៊ីនធើណែតនិងវិស័យផ្សេងទៀត ក្នុងន័យបន្តជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយ គុណភាពខ្ពស់រវាងភាគីទាំងពីរឱ្យឡើងដល់កម្រិតថ្មីបន្ថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន