(មូស្គូ)៖ នៅថ្ងៃចន្ទនេះ រុស្ស៉ី បានអះអាងថា ខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះដ្រូន ២គ្រឿងរបស់អ៊ុយក្រែនលើទីក្រុងមូស្គូ ប៉ុន្តែជើងហោះហើរជិត ៥០ជើង ទាំងក្នុងនិងក្រៅរដ្ឋធានី រងនូវការរំខាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា ដ្រូនរបស់អ៊ុយក្រែនត្រូវបានបំផ្លាញ នៅពេលហោះចូលក្នុងសង្កាត់រូសស្គី (Ruzsky) ភាគខាងលិចរដ្ឋធានីមូស្គូ ហើយក្រោយមកបានបំផ្លាញមួយគ្រឿងទៀតក្នុងសង្កាត់អ៉ីស្រ្ទីនស្គី (Istrinsky) ដែលនៅក្បែរនោះ។

បើតាមអាជ្ញាធរអាកាសចរណ៍រ៉ូសាវីអេស៊ែ (Rosaviatsia) របស់រុស្ស៉ី ការមកដល់និងចេញដំណើរពីអាកាសយានដ្ឋានសំខាន់ៗចំនួន ៤ក្នុងទីក្រុងមូស្គូ ត្រូវបានរឹតបន្តឹង ដោយរំខានដល់ប្រតិបត្តិការនៃយន្តហោះដឹកអ្នកដំណើរចំនួន ៤៥គ្រឿង និងយន្តហោះដឹកទំនិញ ២គ្រឿង។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសដោយយន្តហោះដ្រូនចូលជ្រៅក្នុងទឹកដីរុស្ស៉ី កាន់តែកើនឡើងចាប់តាំងពី មានសេចក្តីរាយការណ៍អំពីដ្រូន ២គ្រឿងត្រូវបានបំផ្លាញពីលើវិមានក្រឹមឡាំង កាលពីដើមខែឧសភា។ ជាធម្មតា អ៊ុយក្រែន មិនដែលទទួលស្គាល់ជាផ្លូវការអំពីវាយប្រហារលើទឹកដីរុស្ស៉ីនោះទេ ទោះបីជាក្រុមមន្ត្រី បានសម្តែងការពេញចិត្តជាសាធារណៈ ចំពោះប្រតិបត្តិការរបស់ពួកគេក្តី៕