(វ៉ាស៉ីនតោន)៖ មន្ត្រីមួយរូបរបស់សេតវិមាន បាននិយាយកាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា រដ្ឋបាលលោក បៃដិន មានផែនការជំរុញឲ្យប្រជាជនអាមេរិកទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ ១៩ នៅរដូវស្លឹកឈើជ្រុះនេះ ដើម្បីទប់ទល់នឹងរលកនៃការឆ្លងថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ កំពុងរាយការណ៍ពីការកើនឡើងនូវករណីឆ្លងកូវីដ ១៩ និងការចូលសម្រាកក្នុងមន្ទីរពេទ្យ បើទោះបីការឆ្លងជាទូទៅមានកម្រិតទាបនៅឡើយ។ មន្ត្រីដដែលរូបនេះ បានបញ្ជាក់ថា «យើងនឹងលើកទឹកចិត្តដល់ពលរដ្ឋអាមេរិកទាំងអស់ ឲ្យទទួលបាននូវការចាក់វ៉ាក់សាំងដូសជំរុញ»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Moderna បានបង្ហាញទិន្នន័យថ្មីអំពីការធ្វើបច្ចប្បន្នភាពនៃប្រសិទ្ធភាពវ៉ាក់សាំងកូវីដ ១៩ បម្លែងថ្មី។ ដោយរង់ចាំការយល់ព្រមពីនិយតករសុខភាពនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រុមហ៊ុនរំពឹងថា ការចាក់វ៉ាក់សាំងថ្មីៗ នឹងដំណើរការនៅក្នុងសប្តាហ៍ខាងមុខនេះ សម្រាប់រដូវស្លឹកឈើជ្រុះ៕