(កូប៉ិនហាក)៖ រដ្ឋមន្រ្តីការពារជាតិដាណឺម៉ាក លោក យ៉ាកូប អេលេម៉ាន-យេនសិន (Jakob Ellemann-Jensen) បាននិយាយនៅ​ថ្ងៃចន្ទនេះថា អ៊ុយក្រែនអាចប្រើប្រាស់យន្តហោះចម្បាំង F-16 ដែលនឹងត្រូវបរិច្ចាគឱ្យទៅពីដាណឺម៉ាកនិងហូឡង់ តែនៅលើទឹកដីរបស់ខ្លួន​ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដាណឺម៉ាកនិងហូឡង់បានរួមគ្នាប្រកាសថា ពួកគេនឹងផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ឱ្យទៅអ៊ុយក្រែន ដោយយន្តហោះ៦គ្រឿង ដំបូងនឹងត្រូវប្រគល់នៅខ្ទង់អំលុងពេលឆ្លងឆ្នាំសកល។ លោក Ellemann-Jensen បានលើកឡើងដូច្នេះថា «យើងបរិច្ចាគអាវុធនៅក្រោមលក្ខខណ្ឌកំណត់ថា ពួកវានឹងត្រូវប្រើប្រាស់ដើម្បីតែវាយបណ្តេញសត្រូវចេញពីទឹកដីអ៊ុយក្រែនប៉ុណ្ណោះ គឺមិន​អាចលើសពីនោះឡើយ។ លក្ខខណ្ឌៈបែបនោះ ត្រូវតែអនុវត្តទៅលើសព្វាវុធទាំងអស់ មិនថាពួកវាជារថក្រោះ យន្តហោះចម្បាំង ឬអ្វីផ្សេងទៀតទេ»

គួរបញ្ជាក់ថា ដាណឺម៉ាកនឹងផ្តល់យន្តហោះចម្បាំង F-16 សរុប១៩គ្រឿងឱ្យអ៊ុយក្រែន។ រីឯហូឡង់វិញដែលបច្ចុប្បន្នមាន F-16 ៤២គ្រឿង គឺមិនទាន់បានសម្រេចចិត្តនៅឡើយទេ ថាត្រូវផ្តល់ឱ្យប៉ុន្មាននិងទុកប៉ុន្មាន ឬក៏ផ្តល់ឱ្យទាំងអស់តែម្តង។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ បាននិយាយថា យន្តហោះចម្បាំង F-16 នឹងជួយពង្រឹងសមត្ថភាពការពារដែនអាកាសនៃប្រទេស​របស់លោក ហើយក៏នឹងជួយជ្រោមជ្រែងដល់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំងរុស្ស៉ីផងដែរ៕