(មូស្គូ)៖ បេសកកម្មឋានព្រះចន្ទលើកទីមួយរបស់ប្រទេសរុស្ស៉ី ក្នុងរយៈពេលប្រមាណ៤៧ឆ្នាំ គឺបានទទួលបរាជ័យហើយ នៅពេលដែលរុស្ស៉ីបាត់បង់ម្ចាស់ការលើយានរ៉ូបូត Luna-25 ហើយវាបានធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទ បន្ទាប់ពីបញ្ហាមួយដែលកើតឡើង ពេលកំពុង​ត្រៀមលក្ខណៈវា សម្រាប់ការចុះចត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

នៅថ្ងៃចន្ទនេះ ទីភ្នាក់ងារអវកាសរុស្ស៉ី​ Roskosmos បាននិយាយថា ខ្លួនបានដាច់ការទាក់ទងជាមួយយាន Luna-25 កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមានបញ្ហាមួយដែលកើតឡើងស្របពេលដែលយានរបស់ខ្លួន ត្រូវបានផ្លាស់ទៅកាន់គន្លងគោចរថ្មី សម្រាប់ការត្រៀមលក្ខណៈចុះចត។ ជាលទ្ធផល Luna-25 បានធ្លាក់ទៅបុកផ្ទៃព្រះចន្ទពេញទំហំង ខណៈកន្លងមក រុស្ស៉ីបានគ្រោងធ្វើការចុះចតយានអវកាសរបស់ខ្លួន ដោយសុវត្ថិភាពទៅលើផ្ទៃព្រះចន្ទ នៅថ្ងៃចន្ទនេះ។

ភាពបរាជ័យខាងលើគូសរំលេចឱ្យឃើញ នូវការចុះអន់ខ្សោយនៃអំណាចអវកាសរបស់រុស្ស៉ី គិតចាប់តាំងពីសម័យកាលរីកចម្រើន អំលុងការប្រកួតប្រជែងសង្រ្គាមត្រជាក់ នៅពេលដែលទីក្រុងមូស្គូ គឺជាអ្នកដែលបានបាញ់បង្ហោះផ្កាយរណបដំបូងគេឱ្យគោចរជុំវិញផែនដី គឺ Sputnik-1 កាលពីឆ្នាំ១៩៥៧ ហើយអវកាសយានិកសូវៀត លោក យូរី ហ្កាហ្ការីន (Yuri Gagarin) គឺជាមនុស្សដំបូងគេ ដែលបាន​ធ្វើដំណើរទៅទីអវកាស កាលពីឆ្នាំ១៩៦១។

លើកចុងក្រោយបង្អស់ ដែលរុស្ស៉ីបានចេញបេសកកម្មទៅកាន់ឋានព្រះចន្ទ គឺកាលពីឆ្នាំ១៩៧៦ តាមរយៈបេសកកម្ម Luna-24។ ភាព​បរាជ័យនៃបេសកកម្ម Luna-25 ក៏កើតមានឡើងស្របពេលដែល សេដ្ឋកិច្ចទំហំ២ទ្រីលានដុល្លាររបស់ប្រទេសរុស្ស៉ី កំពុងជួបប្រទះនឹងបញ្ហាប្រឈមធំបំផុតពីខាងក្រៅផងដែរ គិតក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ គឺសម្ពាធពីទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច ហើយនិងសង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន ដែលជាសង្រ្គាមដីគោកធំបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២។

គួរបញ្ជាក់ថា ស្របពេលដែលរុស្ស៉ីប្រកាសពីបរាជ័យនៃបេសកកម្ម Luna-25 ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានប្រកាសថា យានរ៉ូបូតនៃបេសកកម្ម Chandrayaan-3 របស់ខ្លួន នឹងព្យាយាមធ្វើការចុះចតលើផ្ទៃព្រះចន្ទ នៅថ្ងៃទី២៣ ខែសីហា គឺថ្ងៃពុធសប្តាហ៍នេះ។ ប្រសិនបើជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេស៤ ដែលបានធ្វើយ៉ាងដូច្នោះ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន ហើយនឹងជាប្រទេសដំបូងគេ ដែលបាននាំយកយានទៅដល់តំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ៕