(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សចំនួន៣នាក់បានបាត់បង់ជីវិត និង៦នាក់ផ្សេងទៀត បានទទួលរងរបួស បន្ទាប់ពី​ករណីបាញ់ប្រហារបានកើតឡើង កាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងក្លឹបកម្សាន្តមួយកន្លែង ស្ថិតនៅភាគខាងត្បូងទីក្រុងស៉ីអាថល (Seattle) នៃរដ្ឋវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

បុរសវ័យ២២ឆ្នាំម្នាក់ និងបុរសវ័យ៣៣ឆ្នាំម្នាក់ បានស្លាប់នៅកន្លែងកើតហេតុផ្ទាល់ ខណៈស្រ្តីវ័យ៣០ឆ្នាំម្នាក់ បានស្លាប់នៅឯមន្ទីរព្យាបាល Harborview Medical Center។ ចំណែកក្នុងចំណោមអ្នកដែលរងរបួសទាំង៦នាក់ គឺមានបុរសវ័យ២៣ឆ្នាំម្នាក់ ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ ខណៈពួកគេមានអាយុចន្លោះចាប់ពី២១ឆ្នាំ រហូតដល់៣៨ឆ្នាំ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ប៉ូលិសអាមេរិក មិនទាន់បញ្ចេញព័ត៌មានណាមួយពាក់ព័ន្ធទៅនឹង ជនសង្ស័យក្នុងករណីបាញ់ប្រហារខាងលើនៅឡើយទេ ខណៈពួកគេកំពុងបន្តស៉ើបអង្កេតរកមូលហេតុ ដែលនាំឱ្យកើតមានហេតុការណ៍នោះ។ បើតាមក្រុមមន្រ្តីប៉ូលិស កាំភ្លើងចំនួន៥ដើម ត្រូវបានរកឃើញនៅកន្លែងកើតហេតុ៕