(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា កាណាដាកំពុងបញ្ជូនយោធា ទៅជួយដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅខេត្ត ប្រ៊ីដធីស កូឡុំបៀ (British Columbia) ខណៈភ្លើងឆេះព្រៃក្នុងតំបន់ ភាគខាងលិចមួយនេះ នាំឲ្យមានការជម្លៀសមនុស្សជាង ៣៥,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

ខេត្ត British Columbia បានប្រកាសភាពអាសន្ន និងដាក់បម្រាមលើការធ្វើដំណើរដែលមិនចាំបាច់ទាំងអស់ ដើម្បីបង្កើនកន្លែងស្នាក់នៅសម្រាប់អ្នកជម្លៀសខ្លួន និងក្រុមពន្លត់អគ្គិភ័យ។ ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំទីក្រុងវេស កេឡូណា (West Kelowna) លោក ជេសុន ប្រូលុន (Jason Brolund) បាននិយាយថា បន្ទាប់ពីការប្រយុទ្ធនឹងភ្លើងឆេះយ៉ាងខ្លាំងរយៈពេល ៤ថ្ងៃមកនេះ លក្ខខណ្ឌមានភាពប្រសើរឡើង ជួយឲ្យក្រុមពន្លត់អគ្គិភ័យអាចពន្លត់អណ្តាតភ្លើង ដែលគំរាមកំហែងដល់ទីក្រុងមានប្រជាជនរស់នៅចំនួន ១៥០,០០០នាក់។

លោកនាយករដ្ឋមន្រ្តី ទ្រូដូ បានបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់ការគាំទ្រតាមរយៈយោធាកាណាដា លើការជម្លៀសពលរដ្ឋ ដំណើរការជួយសង្រ្គោះ និងការងារដឹកជញ្ជូនផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋបាលខេត្ត British Columbia។

គួរបញ្ជាក់ថា កត្តាភ្លើងឆេះព្រៃ មិនមែនជារឿងចម្លែកទេនៅកាណាដា ប៉ុន្តែការរីករាលដាលនៃអណ្តាតភ្លើង និងការរំខានថ្មីនេះ បានបង្ហាញពីភាពធ្ងន់ធ្ងរក្នុង រដូវកាលភ្លើងឆេះព្រៃរបស់ខ្លួន ដោយអ្នកជំនាញមួយចំនួនបានអះអាងថាដោយសារតែការប្រែប្រួលអាកាសធាតុ៕