(វ៉ាស៉ីនតោន)៖ ព្យុះត្រូពិកហ៊ីឡារី (Hilary) បាននាំមកនូវទឹកជំនន់ដ៏ខ្លាំងក្លាមួយនៅភាគខាងកើត និងខាងលិចទីក្រុងឡូស អាន់ជឺឡែស (Los Angele) នៃរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបានបក់កាត់ឧបទ្វីបបាចា កាលីហ្វ័រញ៉ា (Baja California) របស់ម៉ិកស៉ិក ជាមួយនឹងកម្លាំង ដ៏សាហាវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្កាវីន នូសុម (Gavin Newsom) បានប្រកាសភាពអាសន្នសម្រាប់តំបន់ភាគច្រើននៃភាគខាងត្បូង ព្រមជាមួយនឹងការព្រមាន អំពីទឹកជំនន់ភ្លាមៗ រហូតដល់ម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក) នៅក្នុងតំបន់ដែលជាធម្មតារងគ្រោះដោយសារគ្រោះរាំងស្ងួត។ នាយកដ្ឋាន អាកាសធាតុ បានឲ្យដឹងថាតំបន់ភ្នំ និងវាលខ្សាច់អាចទទួលរងនូវភ្លៀងធ្លាក់កម្រិតចាប់ពី ១២ ដល់ ២៥សង់ទីម៉ែត្រ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចេញបញ្ជាឲ្យភ្នាក់ងារសហព័ន្ធ ដាក់ពង្រាយបុគ្គលិក និងផ្គត់ផ្គង់ទៅដល់តំបន់រងគ្រោះ។

គួរបញ្ជាក់ថា ព្យុះត្រូពិកទី១ បានវាយប្រហារលើទីក្រុង Los Angeles កាលពីឆ្នាំ១៩៣៩ បង្កឲ្យមានទឹកជំនន់ខ្លាំងក្លានៅតំបន់ភ្នំសាន់ ហ្កាប្រ៊ីល (San Gabriel) ភាគខាងកើតនៃទីក្រុង និងតំបន់ឆ្នេរវេនទូរ៉ា (Ventura) នៅឯភាគពាយព្យ៕