(បាងកក)៖ ការស្ទង់មតិមួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឱ្យដឹងថាប្រជាជនថៃភាគច្រើនបានបង្ហាញការជំទាស់ទៅនឹងផែនការ របស់គណបក្សភឿថៃ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះដោយមានការចូលរួមពីគណបក្សគាំទ្រដោយយោធាថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

បើតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល (National Institute of Development Administration) ៦៤ភាគរយនៃអ្នកដែល បានចូលរួមក្នុងការស្ទង់មតិចំនួន ១,៣១០នាក់ បានបង្ហាញការជំទាស់ទៅនឹងគំនិត និងផែនការរបស់គណបក្សភឿថៃ ដើម្បីបង្កើតរដ្ឋាភិបាលពិសេសមួយ ជាមួយគណបក្សគាំទ្រដោយយោធាថៃ។

កាលពីថ្ងៃអាទិត្យនោះដែរ អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) កូនស្រីពៅរបស់លោក ថាក់ស៊ីន បានសូមទោសដែលគណបក្ស ភឿថៃ មិនអាចរក្សាពាក្យសន្យារបស់ខ្លួនដែលថានឹងមិនរួមដៃជាមួយគណបក្សគាំទ្រដោយយោធាឡើយ។ អ្នកនាង ផែថងថាន បានគូសបញ្ជាក់ដូច្នេះថា «...ជាការពិតណាស់ ភឿថៃនឹងត្រូវបង់តម្លៃតបស្នង នោះគឺការរិះគន់ពីប្រជាជន។ យើងសូមទទួលខុសត្រូវ និងសូមទោសសម្រាប់ការបង្កឱ្យមានការខកចិត្ត និងការសោកសៅទាំងនេះ។ តែភឿថៃនឹងមានសមត្ថភាពពេញលេញដោះស្រាយបញ្ហារបស់ប្រទេស ប្រសិនបើអាចបង្កើតរដ្ឋាភិបាលមួយឡើង»

គួរបញ្ជាក់ថា គណបក្សភឿថៃ ត្រូវបានគេរំពឹងថានឹងតែងតាំងលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ ពោលចំថ្ងៃតែមួយដែលលោក ថាក់ស៊ីនប្រកាសថានឹងត្រឡប់ចូលប្រទេសថៃវិញ៕