(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃចន្ទនេះបាននិយាយថាកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន នឹងកាន់តែរឹងមាំឡើង ប្រសិនបើការគំរាមកំហែងពីកូរ៉េខាងជើងនៅតែបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

លោក យូន ធ្វើការកត់សម្គាល់បែបនេះ នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន ជាមួយការឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធាឱ្យកាន់តែស៊ីជម្រៅ។ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «រចនាសម្ព័ន្ធ នៃកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងកាន់តែមានភាពរឹងមាំ ប្រសិនបើការបង្កហេតុ និងការគំរាមកំហែងពី កូរ៉េខាងជើងនៅតែបន្តកើនឡើង»។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតីកូរ៉េខាងត្បូងក៏បានសង្កត់ធ្ងន់ដែរថាកិច្ចសហប្រតិបត្តិការត្រីភាគីនេះនឹងមិនធីប ចោលប្រទេសដទៃណាមួយឡើយ ហើយកិច្ចសហប្រតិបត្តិការនេះដែរនឹងចូលរួមចំណែកក្នុងសេរីភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ រួមទាំងពិភពលោក ទាំងមូល។

គួរបញ្ជាក់ថា កិច្ចប្រជុំរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅឯបន្ទាយយោធា Camp David កាលពីសប្ដាហ៍មុន ធ្វើឡើងចំពេលប្រទេសទាំង៣ កំពុងព្យាយាមស្វែងរកសាមគ្គីភាព ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលចិន និងការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង៕