(ស៉ីដនី)៖ អូស្ត្រាលីនឹងចំណាយប្រាក់ ១.៣ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង ៨៣៣លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ របស់ខ្លួន ខណៈសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីទិញមីស៊ីលគ្រូស Tomahawk ច្រើនជាង ២០០គ្រាប់ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣។

ក្នុងសេចក្ដីងថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថាអូស្ត្រាលីនឹងក្លាយជាប្រទេសមួយក្នុងចំណោម ប្រទេសចំនួន៣ ដែលមានមីស៊ីល Tomahawks ប្រើ រួមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ «យើងកំពុងវិនិយោគលើសមត្ថភាពនៃកងកម្លាំងរបស់ យើង ដែលចាំបាច់ដើម្បីកំញើញទប់ស្កាត់ការគំរាមកំហែងពីសត្រូវមកលើតំបន់ឆ្នេររបស់យើង និងដើម្បីអាចការពារសុវត្ថិភាពប្រជាជនអូស្ត្រាលីនៅក្នុង ពិភពលោកមួយពោរពេញដោយភាពស្មុគស្មាញ និងមិនច្បាស់លាស់ដែលយើងកំពុងរស់នៅសព្វថ្ងៃ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Marles។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក កាលពីខែមីនាកន្លងទៅបានអនុម័តការលើការលក់មីស៊ីលគ្រូស Tomahawks ដែលអាចបាញ់បានក្នុងរយៈចម្ងាយ ១,៥០០គីឡូម៉ែត្រ ទៅឱ្យអូស្ត្រាលី។ ការប្រកាសពីការទិញមីស៊ីលនេះទៀតសោត កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុម័ត លើការលក់ប្រព័ន្ធមីស៊ីល HIMARS ក្នុងទំហំទឹកប្រាក់ ៩៧៥លានដុល្លារ ឱ្យអូស្ត្រាលី៕