(កាណាដា)៖ ភ្លើងឆេះព្រៃដែលបានបំបែកឯតទគ្គកម្ម នៅភាគខាងលិចខេត្ត British Columbia នៃប្រទេសកាណាដា ត្រូវបានគេរំពឹងថា នឹងបង្ខំមនុស្សកាន់តែច្រើនចេញពីផ្ទះរបស់ពួកគេក្នុងសប្តាហ៍នេះ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបំផ្លាញទ្រព្យសម្បត្តិ និងបិទផ្នែកខ្លះនៃផ្លូវជាតិដ៏សំខាន់ៗមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២៣។

អាជ្ញាធរតំបន់បានប្រកាសដាក់ខេត្តក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃសុក្រ ដោយផ្តល់ឱ្យមន្ត្រីមានអំណាចបន្ថែមទៀត ដើម្បីដោះស្រាយហានិភ័យអគ្គីភ័យ។ គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកស្រុកជាង ៣៥,០០០នាក់ ស្ថិតនៅក្រោមការបញ្ជាជម្លៀសចេញ ហើយ ៣០០,០០០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការជូនដំណឹងអំពីការជម្លៀស។

អាជ្ញាធរជំរុញឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ត្រូវជម្លៀសចេញ ត្រូវប្រញាប់ជម្លៀសចេញជាបន្ទាន់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអាយុជីវិតរបស់អ្នកពន្លត់អគ្គីភ័យ។

លោក Daniel Ibe អភិបាលខេត្ត British Columbia កាលពីថ្ងៃសៅរ៍ ក៏បានដាក់បម្រាមលើការធ្វើដំណើរដែលមិនសំខាន់ ហើយបាន​ដាស់តឿន​ប្រជាពលរដ្ឋ​កុំ​ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្លើង និង​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​ថត​រូប ដោយ​ថា​ការ​ធ្វើ​បែប​នេះ​នឹង​រារាំង​ដល់​ការងារ​របស់​ក្រុម​ពន្លត់​អគ្គិភ័យ។

ទោះជាយ៉ាងណា អាជ្ញាធរ​មិន​ទាន់​បាន​ផ្តល់​ព័ត៌មាន​អំពី​ចំនួន​អគារ​សរុប​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ឡើយ​ទេ៕