(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃអាទិត្យ ទី២០ ខែសីហានេះបានអះអាងថាខ្លួនបានទប់ស្កាត់ការវាយប្រហារដោយយន្ដហោះដ្រូនរបស់អ៊ុយក្រែន លើតំបន់មូស្គូ ដែលជាការប៉ុនប៉ងវាយប្រហារជាលើកទី២ ក្នុងរយៈពេល ២ថ្ងៃមកនេះ ខណៈអ៊ុយក្រែនកំពុងបន្តបើកប្រតិបត្តិការវាយបក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថានៅម៉ោងប្រហែល ៤៖០០នាទីព្រឹកព្រលឹម (ថ្ងៃអាទិត្យនេះ) ការប៉ុនប៉ង របស់របបដឹកនាំទីក្រុងកៀវ ដើម្បីវាយប្រហារភេរវកម្មដោយយន្ដហោះដ្រូនលើហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋធានីមូស្គូ និងតំបន់មូស្គូ ត្រូវបានទប់ស្កាត់។ ក្រសួងបន្តទៀតថាយន្ដហោះដ្រូនអ៊ុយក្រែនដែលហោះតម្រង់ទៅកាន់រដ្ឋធានីមូស្គូ ត្រូវបានកម្ទេចដោយប្រព័ន្ធការពារដែនអាកាស និងបានធ្លាក់នៅឯ តំបន់គ្មានមនុស្សរស់នៅ បន្ទាប់ពីបាត់បង់ការគ្រប់គ្រង ដោយមិនបានបង្កការខូចខាត ឬមានជនរងគ្រោះណាម្នាក់នោះទេ។

គួរបញ្ជាក់ថា ការអះអាងរបស់រុស្ស៉ីពីការវាយប្រហារដោយយន្ដហោះដ្រូនរបស់អ៊ុយក្រែន កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាសងសឹកនឹងរុស្ស៉ី ចំពោះការវាយប្រហារលើទីក្រុងឆែរនីហ៉ីវ (Chernihiv) កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ដោយផ្ដាច់ជីវិតមនុស្ស ៧នាក់ និងជិត១៥០នាក់រងរបួស។ អ៊ុយក្រែនបានចាត់ទុកការវាយប្រហាររបស់រុស្ស៉ីជាអំពើភេវកម្ម៕