(តៃប៉ិ)៖ មេដឹកនាំរងកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) បាននិយាយថាការបោះឆ្នោតសកលរបស់តៃវ៉ាន់នៅពេលខាងមុខនេះ គឺជា ជម្រើសរវាងប្រជាធិបតេយ្យ និងផ្ដាច់ការ ហើយលោកថ្លែងបែបនេះចំពេលដែលចិនកំពុងដឹកនាំការធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោង គឺពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអាទិត្យនេះ ចិនបានបញ្ជូនយន្ដហោះចម្បាំង៤៥គ្រឿងចូលក្នុង តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ ហើយក្នុងចំណោមនោះ មាន២៧គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រ តៃវ៉ាន់ ខណៈនាវាចម្បាំង៩គ្រឿង កំពុងធ្វើសកម្មភាពជុំវិញកោះតៃវ៉ាន់ផងដែរ។

ការធ្វើសមយុទ្ធយោធារបស់ចិន ធ្វើឡើងបន្ទាប់ពីលោក វីលៀម ឡៃ ធ្វើទស្សនកិច្ចឈប់សំចតនៅសហរដ្ឋអាមេរិក ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ ប្រទេសប៉ារ៉ាហ្កាយ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍តៃវ៉ាន់ លោក ឡៃ បានសង្កត់ធ្ងន់ថាតៃវ៉ាន់នឹងមិនទទួលយកគោលការណ៍ចិន​តែមួយនោះទេ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងទទួលយកគោលការណ៍ចិនតែមួយ យើងអាចនឹងគ្រាន់តែទទួលបានភាព ធូរស្រាលរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែនៅពេលថ្ងៃណាមួយដែលចិនប្ដូរចិត្ត នោះយើងនឹងបាត់បង់អធិបតេយ្យ ហើយសហគមន៍អន្តរជាតិក៏មិនអាច ជួយយើងបាននោះដែរ»

លោក ឡៃ ដែលជាបេក្ខជនឈានមុខម្នាក់ដែរនោះសម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ថ្មីនៅខែមករា ឆ្នាំ២០២៤ បានបន្ថែមថា «ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៤ គឺមិនមែនជាជម្រើសរវាងសន្តិភាព និងសង្រ្គាមនោះទេ។ ប៉ុន្តែវាគឺជាជម្រើសរវាង ប្រជាធិបតេយ្យ និងផ្ដាច់ការ»

គួរបញ្ជាក់ថា លោក វីលៀម ឡៃ គឺជាបេក្ខជនម្នាក់ដ៏មានសក្ដានុពលមកពីគណបក្សប្រជាធិបតេយ្យចម្រើននិយមដែលជាបក្សកាន់អំណាច សព្វថ្ងៃរបស់មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន។ គណបក្សប្រជាធិបតេយ្យចម្រើននិយមមានទំនោរងាកទៅរកសហរដ្ឋអាមេរិក ខណៈបក្ស ប្រឆាំងគឺគណបក្សគួមិញតាង (Kuomintang) មានទំនោរងាកទៅរកចិន៕