(យូអិន)៖ អង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហារបស់រុស្ស៉ី លើទីក្រុង​ឆែរនីហ៉ីវ (Chernihiv) ស្ថិតនៅភាគឦសាននៃប្រទេស អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ដែលបានផ្ដាច់ជីវិតមនុស្ស៧នាក់ និងច្រើនជាង១០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

ការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងទីក្រុង​ឆែរនីហ៉ីវ (Chernihiv) ធ្វើឡើងចំពេលនៃពិធីបុណ្យមួយរបស់អ្នកកាន់សាសនាគ្រិស្តនិកាយអូតូដុក ដោយប្រជាជនអ៊ុយក្រែន មួយចំនួននាំគ្នាទៅព្រះវិហារក្នុងទីក្រុងនេះ នៅពេលព្រឹក ដើម្បីអធិដ្ឋាន។ លោកស្រី Denise Brown ជាអ្នកសម្របសម្រួល UN សម្រាប់អ៊ុយក្រែន បានចាត់ទុក ការវាយប្រហាររបស់រុស្ស៉ីជាការវាយប្រហារដ៏ឃោរឃៅ។ លោកស្រី បានបញ្ជាក់ដូច្នេះថា «នេះជាការវាយប្រហារដ៏ឃោរឃៅលើទីកន្លែងដ៏សំខាន់នៃទីក្រុងដ៏ធំមួយ នៅពេលព្រឹក ខណៈមនុស្សម្នាកំពុងដើរ និងអ្នកខ្លះទៀតធ្វើដំណើរទៅកាន់ព្រះវិហារដើម្បីប្រារព្ធពិធីសាសនា... ខ្ញុំថ្កោលទោសការវាយប្រហារម្ដងហើយម្ដងទៀត របស់ រុស្ស៉ីលើតំបន់ទីប្រជុំជនក្នុងប្រទេសអ៊ុយក្រែន... ការវាយប្រហារដោយផ្ទាល់លើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានហាមឃាត់ជាដាច់ខាត នៅក្រោម ច្បាប់មនុស្សធម៌អន្តរជាតិ»

គួរបញ្ជាក់ថា ការវាយប្រហារបស់រុស្ស៉ីលើទីក្រុង​ឆែរនីហ៉ីវ (Chernihiv) ស្ថិតនៅភាគឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ បានផ្ដាច់ជីវិតមនុស្ស៧នាក់ និងច្រើនជាង១២៩នាក់រងរបួស ក្នុងនោះរួមមានទាំងកុមារ១៥នាក់ និងមន្ត្រីប៉ូលិស១៥នាក់៕