(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រមួយជាមួយវៀតណាម អំឡុងធ្វើទស្សនកិច្ច ផ្លូវរដ្ឋទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅពាក់កណ្ដាលខែកញ្ញាខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះកាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា និងផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអាមេរិក​ Politico ដែលបានរាយការណ៍ពី ព័ត៌មានខាងលើមុនគេ។ Politico ដោយផ្អែកលើប្រភពពីមនុស្សចំនួន៣នាក់ ដែលដឹងពីគម្រោងចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិក និងវៀតណាម បានឱ្យដឹងទៀតថាកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មីមួយ ដែលនឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាម ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់របស់ខ្លួន ក្នុងនោះរួមមានការផលិតបន្ទះឈីប និងបញ្ញាសប្បនិម្មិត។

គួរបញ្ជាក់ថា លោក ចូ បៃដិន ក្នុងខែសីហានេះបាននិយាយថាលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ពីព្រោះទីក្រុងហាណូយចង់លើកកម្ពស់ ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងចង់ក្លាយជាដៃគូមួយដ៏សំខាន់។ ប៉ុន្តែខាងសេតវិមានមិនទាន់ទទួលស្គាល់ពីផែនការនៃដំណើរទស្សនកិច្ចរបស់ លោក បៃដិន ទៅកាន់ទីក្រុងហាណូយ នៅឡើយទេ រីឯខាងក្រសួងការបរទេសវៀតណាមក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះដែរ៕