(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន) បានជំរុញឱ្យចិនបញ្ឈប់ការដាក់សម្ពាធយោធាលើតៃវ៉ាន់ បន្ទាប់ពី ទីក្រុងប៉េកាំង បើកធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចឈប់សំចតនៅសហរដ្ឋអាមេរិក របស់មេដឹកនាំរងនៃដែន កោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ Reuters នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «យើងជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ការដាក់សម្ពាធទាំងយោធា ការទូត និងសេដ្ឋកិច្ចប្រឆាំងនឹងតៃវ៉ាន់ ហើយងាកមកចូលរួមក្នុងកិច្ចចរចាដ៏មានអត្ថន័យជាមួយតៃវ៉ាន់»។ អ្នកនាំពាក្យ រូបនេះ បន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសមយុទ្ធយោធារបស់ចិន។

គួរបញ្ជាក់ថា កាលថ្ងៃសៅរ៍ម្សិលមិញ តៃវ៉ាន់អះអាងថា ខ្លួនបានឃើញយន្តហោះយោធាចិនសរុប៤២គ្រឿង ហោះចូលមកក្នុងតំបន់ការពារដែនអាកាស (ADIZ) របស់ដែនកោះ នេះ បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសចាប់ផ្តើមការធ្វើសមយុទ្ធយោធា។ ទីក្រុងប៉េកាំងបាននិយាយថា សមយុទ្ធយោធានេះ គឺជាការព្រមានយ៉ាងរឹងមាំមួយ បន្ទាប់ពីមេដឹកនាំរងតៃវ៉ាន់ លោក វីលៀម ឡៃ បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ថ្មីៗនេះ លោក ឡៃ បានឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងញូយ៉ក​ ពេលត្រូវធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្កាយ ហើយពេលដែលត្រូវត្រឡប់មកវិញ មុនឆ្ពោះមកកាន់ទីក្រុងតៃប៉ិ លោកក៏បានឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូថែមទៀត។ លោក ឡៃ ទើបត្រឡប់មកដល់តៃវ៉ាន់វិញ កាលពីថ្ងៃសុក្រ។

កាលពីខែមេសា ឆ្នាំនេះ ចិនបានធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ ដែលផ្តោតលើការបិទខ្ទប់កោះតៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី នៅឯរដ្ឋ California៕