(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី២០ ខែសីហានេះបានឱ្យដឹងថា ក្រុម Hackers កូរ៉េខាងជើងបានព្យាយាមវាយប្រហារព័ត៌មានវិទ្យា ដើម្បី លួចព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមប៉ូលិសកូរ៉េខាងត្បូង ក្រុម Hackers ត្រូវបានជឿជាក់ថាមានទំនាក់ទំនងជាមួយក្រុម Hackers កូរ៉េខាងជើងឈ្មោះថា គីមស៊ូគី (Kimsuky) ហើយ ពួកគេបានព្យាយាមវាយប្រហារព័ត៌មានតាមរយៈសារអេឡិចត្រូនិក ឬ E-mail របស់មន្ត្រីកូរ៉េខាងត្បូងដែលធ្វើការពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នា ដោយប្រើប្រព័ន្ធកុំព្យូរទ័រ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ប៉ុន្តែមិនមានព័ត៌មានសំខាន់ណាមួយត្រូវបានលួចនោះទេ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះ Ulchi Freedom Guardian ដែលមានរយៈពេល១១ថ្ងៃ ដោយ ចាប់ផ្ដើមពីថ្ងៃចន្ទដើមសប្ដាហ៍ក្រោយទៅ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឆ្លើយតបទៅនឹងអ្វីដែលប្រទេសទាំង២ ហៅថាជាការគំរាមកំហែងដោយ មីស៊ីល និងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ កូរ៉េខាងជើង តែងតែច្រានចោលជារឿយៗជុំវិញការចោទប្រកាន់ពីការវាយប្រហារព័ត៌មានវិទ្យា ហើយក៏បាន ថ្កោលទោសផងដែរ រាល់សមយុទ្ធយោធារួមគ្នារវាងទីក្រុងវ៉ាស៊ីនតោ​ន និងទីក្រុងសេអ៊ូល ដ្បិតចាត់ទុកថាវាជាការត្រៀមលក្ខណៈឈ្លានពានប្រឆាំង នឹងរបបដឹកនាំលោក គីម ជុងអ៊ុន៕