(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានមកដល់ប្រទេសស៊ុយអែតហើយនៅថ្ងៃសៅរ៍នេះ ដើម្បីជួបលោនាយករដ្ឋមន្ត្រី អ៊ូល្វ គ្រីសស្ទឺសុន (Ulf Kristersson) ព្រះរាជវង្សានុវង្ស និងមន្ត្រីដទៃទៀត ខណៈប្រតិបត្តិការវាយបករបស់ទីក្រុងកៀវប្រឆាំងរុស្ស៉ីឈានចូលដល់ខែទី ៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។

រដ្ឋាភិបាលស៊ុយអែត បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ្សេលេនស្គី ក៏នឹងត្រូវជួបប្រធានសភា លោក រីសដាក់ (Riksdag) និងមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ រួមទាំងមេដឹកនាំគណបក្សនយោបាយសំខាន់ៗរបស់ស៊ុយអែតផងដែរ។ ក្រៅពីនោះ ព្រះមហាក្សត្រស៊ុយអែត ស្តេច ខាល ហ្គូស្តាហ្វ ទី១៦ (Carl XVI Gustaf) និងម្ចាស់ក្សត្រីស៉ីវីយ៉ា (Silvia) នឹងទទួលស្វាគមន៍ លោក ហ្សេលេនស្គី និងភរិយា លោកស្រី អូឡេនណា ហ្សេលេស្កា (Olena Zelenska) នៅឯរាជវាំងស្តែនហាំម៊ែរ (Stenhammar) ជាផ្នែកនៃដំណើរទស្សនកិច្ចនេះ។

នៅពេលទៅដល់ស៊ុយអែត លោក ហ្សេលេនស្គី បានគូសបញ្ជាក់តាមបណ្តាញតេឡេក្រាមថា «ភារកិច្ចជាចម្បងរបស់យើងគឺពង្រឹងការការពារទាំងលើដីគោក និងលំហអាកាស ពង្រឹងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យឧស្សាហកម្មការពារជាតិ ការធ្វើសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការសន្តិសុខរួម Euro-Atlantic space»។

គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត កំពុងរៀបចំផែនការនៃកញ្ចប់ជំនួយយោធាតម្លៃជាង ៣១៣លានដុល្លារដល់អ៊ុយក្រែន ដែលភាគច្រើនរួមមានគ្រាប់រំសេវ និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធអាវុធដែលបានផ្តល់ពីមុន។ នេះកញ្ចប់ជំនួយយោធាទី ១៣របស់ស៊ុយអែតចាប់តាំងពីសង្រ្គាមផ្ទុះឡើង នាំឲ្យចំនួនសរុបកើនដល់ ១.៨ពាន់លានដុល្លារ៕