(កៀវ)៖ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្ស ៦នាក់ដែលក្នុងនោះមានកុមារអាយុ ៦ឆ្នាំម្នាក់បានស្លាប់ និង ៣៦នាក់រងរបួស នៅពេលដែលមីស៉ីលរុស្ស៉ី វាយប្រហារចំកណ្តាលក្នុងទីក្រុងឆឺនីហ៉ីវ (Chernihiv) ដែលស្ថិតភាគខាងជើងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃអ៊ុយក្រែន បានបញ្ជាក់ថា ការវាយប្រហារកើតឡើងចំពេលដែលមនុស្សម្នាកំពុងធ្វើដំណើរទៅកាន់ព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យសាសនា ហើយក្នុងចំណោមអ្នករបួសទាំងអស់គឺមានកុមារ ១១នាក់។

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «មីស៉ីលមួយគ្រាប់របស់រុស្ស៉ី បានវាយប្រហារចំកណ្តាលទីក្រុង Chernihiv របស់យើង។ នេះជាថ្ងៃសៅរ៍ចុងសប្តាហ៍ដែលរុស្ស៉ីប្រែឲ្យទៅជាថ្ងៃដ៏ឈឺចាប់ និងការបាត់បង់»។

គួរបញ្ជាក់ថា Chernihiv គឺជាទីក្រុងដែលមានដើមឈើ និងព្រះវិហារអាយុកាលរាប់សតវត្សមកហើយ និងមានចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីកៀវ៕