(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី បានរាយការណ៍នៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយមីស៉ីលរបស់អ៉ីស្រាអែល តម្រង់ទៅលើតំបន់ជុំវិញរដ្ឋធានីដាម៉ាស (Damascus) របស់ប្រទេសស៉ីរី បានសម្លាប់ទាហាន ៤នាក់ របួស ៤នាក់ និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា​ ឆ្នាំ២០២៣។

មន្រ្តីយោធាមួយរូប បានឲ្យដឹងថា នៅម៉ោងប្រហែល ២និង ២០នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងតំបន់) សត្រូវអ៉ីស្រាអែលបានបើកការឈ្លានពានតាមអាកាស ​ចេញពីតំបន់ហ្គោលែន ហាយ (Golan Heights) កាន់កាប់ដោយអ៉ីស្រាអែល ដោយកំណត់គោលដៅមួយចំនួននៅជុំវិញទីក្រុងដាម៉ាស។ កងកម្លាំងការពារ ដែនអាកាសស៉ីរី បានស្ទាក់ចាប់មីស៉ីលរបស់អ៉ីស្រាអែល និងបាញ់ទម្លាក់បានមួយចំនួន។

គួរបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ អ៉ីស្រាអែល បានធ្វើការវាយប្រហារលើគោលដៅ ដែលខ្លួនចាត់ទុកថាមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ នៅក្នុងប្រទេសស៉ីរី និងធ្វើឲ្យអ៉ីរ៉ង់កាន់តែខ្លាំងតាមរយៈការគាំទ្រលោកប្រធានាធិបតី បាស្សា អាល់អាសាដ (Bashar al-Assad) នៅក្នុងសង្គ្រាមស៉ីវិលដែលបានចាប់ផ្តើម កាលពីឆ្នាំ២០១១៕