(នីញ៉ាម៉េ)៖ មេដឹកនាំធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ បានបិទដែនអាកាសជាបណ្ដោះអាសន្ន បន្ទាប់ពីទាត់ចោលឱសានវាទរបស់ក្រុមប្រទេសអាហ្វ្រិកខាងលិច ជុំវិញការប្រគល់អំណាចទៅឱ្យលោកប្រធានាធិបតី មាហំាម៉ាត់ បាហ្សូម (Mohamed Bazoum) វិញ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការធ្វើអន្តរាគមន៍ យោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។

ការប្រកាសពីការបិទដែនអាកាសខាងលើ ធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្នុងពេលតែមួយដែលប្រជាជននីហ្សេរាប់ពាន់នាក់ប្រមូលផ្ដុំគ្នា នៅឯ កីឡដ្ឋានមួយក្នុងរដ្ឋធានី នីញ៉ាម៉េ ដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំធ្វើរដ្ឋប្រហារ។ អ្នកនាំពាក្យយោធានីហ្សេម្នាក់បានបញ្ជាក់ថាការសម្រេចចិត្តបិទដែនអាកាស ជាបណ្ដោះអាសន្ន ធ្វើឡើងដោយសារតែការគំរាមកំហែងធ្វើអន្តរាគមន៍យោធាពីសំណាក់ក្រុមប្រទេសអាហ្វ្រិកខាងលិច។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់អ្វី លម្អិតបន្ថែមនោះទេ ដោយគ្រាន់តែគូសបញ្ជាក់ដូច្នេះថា «នៅចំពោះមុខការគំរាមកំហែងធ្វើអន្តរាគមន៍យោធាដែលកំពុងលេចចេញកាន់តែច្បាស់ តាមរយៈការត្រៀម លក្ខណៈនៃបណ្ដាប្រទេសជិតខាង​ ដែនអាកាសនីហ្សេនឹងត្រូវបិទជាបណ្ដោះអាសន្នចាប់ពីថ្ងៃអាទិត្យនេះតទៅ (ទី៦ ខែសីហា) ចំពោះគ្រប់យន្ដហោះទាំងអស់ រហូតទាល់តែមានការជូនដំណឹងជាថ្មី»

គួរបញ្ជាក់ថា រដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ គឺជារដ្ឋប្រហារទី៧ក្នុងតំបន់អាហ្រ្វិកខាងលិច និងកណ្ដាល ក្នុងរយៈពេល ៣ឆ្នាំមកនេះ។ ក្រុមប្រទេសជាសមាជិកសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច ឬហៅកាត់ថា ECOWAS បានប្រកាសដាក់ទណ្ឌកម្ម និងគំរាមធ្វើ អន្តរាគមន៍យោធា ប្រសិនបើយោធានីហ្សេមិនព្រមដោះលែង និងប្រគល់អំណាចឱ្យប្រធានាធិបតី មាហំាម៉ាត់ បាហ្សូម ត្រឹមថ្ងៃអាទិត្យ ទី៦ ខែសីហា វិញទេនោះ។ ប៉ុន្តែ គិតត្រឹមថ្ងៃផុតឱសានវាទនេះ គេមិនទាន់ឃើញមានការធ្វើអន្តរាគមន៍យោធាអ្វីនោះទេ៕

Mohamed Bazoum