(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនកំពុងមើលឃើញពីលទ្ធផលដ៏អស្ចារ្យពីប្រព័ន្ធការពារដែនអាកាស អាមេរិក និងអាល្លឺម៉ង់ នៅចំពោះមុខការកើនឡើងនៃការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។

លោក ហេ្សលេនស្គី ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះជាមួយការសង្កត់ធ្ងន់ថាប្រព័ន្ធការពារ ដែនអាកាសទំនើបៗ ក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក និងប្រព័ន្ធការពារដែនអាកាស IRIS-T របស់អាល្លឺម៉ង់ បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលយ៉ាងអស្ចារ្យ។ លោក ហ្សេលេនស្គី បន្ថែមថាអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល និងយន្ដហោះដ្រូន ជាច្រើនរបស់រុស្ស៉ី ដែលបានបើកការវាយប្រហារតាមផ្លូវអាកាសពេញមួយសប្ដាហ៍មកនេះ ក្នុងនោះរួមមានទាំងការបាញ់ទម្លាក់មីស៊ីល ៦៥គ្រាប់ច្រើនប្រភេទ ផ្សេងៗគ្នា និងយន្ដហោះដ្រូនប្រយុទ្ធ ១៧៨គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះដ្រូន Shahed ចំនួន៨៧គ្រឿង។

គួរបញ្ជាក់ថា ទាំងរុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែកំពុងបង្កើនការវាយប្រហារលើកងទ័ពទៅវិញទៅមក ព្រមទាំងឃ្លាំងអាវុធ និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់យោធា ខណៈអ៊ុយក្រែនកំពុងព្យាយាមវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួនក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស បើទោះជាមាន សេចក្ដីរាយការណ៍ថាប្រតិបត្តិការវាយបករបស់ទីក្រុងកៀវមានល្បឿនយឺតយ៉ាវជាងការរំពឹងទុកក៏ដោយ៕