(ការ៉ាឈី)៖ រដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថានបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ នៅពេលដែលរថភ្លើងមួយខ្សែបានក្រឡាប់នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន នៅថ្ងៃអាទិត្យ (៦ សីហា) សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។

លោក Khawaja Saad Rafeeq បានប្រាប់អ្នកយកព័ត៌មានថា «នេះគឺជាឧបទ្ទវហេតុដ៏ធំមួយ។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែង ហើយអ្នកដំណើរយ៉ាងតិច ១៥ នាក់បានស្លាប់ និង ៤៥នាក់ទៀតរងរបួស»

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឧបទ្ទវហេតុ​រថភ្លើងធ្លាក់ផ្លូវខាងលើ បានកើតឡើងនៅក្បែរស្ថានីយ៍រថភ្លើងសាហារ៉ាក្នុងទីក្រុង Nawab Shah នៃខេត្ត Sindh ភាគខាងត្បូងប្រទេស។

គួរបញ្ជាក់ថា នៅប្រទេសប៉ាគីស្ថាន ឧបទ្ទវហេតុរថភ្លើងកើតឡើងជារើយៗ។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ រថភ្លើងពីរបានបុកគ្នានៅក្បែរទីក្រុង Dharki បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៥នាក់ និង ១៥០នាក់ផ្សេងទៀតរងរបួស។ ដោយឡែកកាលពីខែតុលាឆ្នាំ២០១៩ អគ្គីភ័យឆេះរថភ្លើងល្បឿនលឿន បានសម្លាប់អ្នកដំណើរយ៉ាងហោចណាស់ ៧៥នាក់ ខណៈការប៉ះទង្គិចគ្នារវាងរថភ្លើងពីរនៅទីក្រុង Ghotki កាលពីឆ្នាំ២០០៥ បានសម្លាប់មនុស្សជាង ១០០នាក់ផងដែរ៕