(កៀវ)៖ កងកម្លាំងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះបានអះអាងពីការបាញ់ទម្លាក់មីស៊ីលគ្រូស ៣០គ្រាប់ ក្នុងចំណោម ៤០គ្រាប់ ព្រមទាំងបាញ់ទម្លាក់ យន្ដហោះដ្រូន Shahed ទាំងអស់ ដែលរុស្ស៉ីបានប្រើប្រាស់ក្នុងការវាយប្រហារតាមផ្លូវអាកាសកាលពីយប់ថ្ងៃសៅរ៍។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣។

កងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានគូសបញ្ជាក់នៅលើបណ្ដាញ Telegram ដូច្នេះថា «មីស៊ីលគ្រូស ៣០គ្រាប់ និងយន្ដហោះដ្រូន ២៧គ្រឿងត្រូវបានបាញ់កម្ទេច ... ហើយរុស្ស៉ីបានបាញ់មីស៊ីលល្បឿលឿនជាងសំឡេងឈ្មោះ Kinzhal ចំនួន ៣គ្រាប់ផងដែរ»។ ប៉ុន្តែមិនមានការបញ្ជាក់ថាតើមីស៊ីលល្បឿនលឿងជាងសំឡេងទាំងនេះ ត្រូវបានបាញ់ទម្លាក់ដែរ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែយោធាអ៊ុយក្រែនឱ្យដឹងថាគិតជាសរុប រុស្ស៉ីបានប្រើប្រាស់អាវុធចំនួន ៧០ ក្នុងការវាយប្រហារតាម ផ្លូវអាកាស នៅចន្លោះពីយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ថា បើតាមយោធាអ៊ុយក្រែន តំបន់ ខ្មែលនីតស្គី (Khmelnytskyi) ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីតំបន់សមរភូមិ ក៏ស្ថិតនៅក្នុងចំណោមគោលដៅ វាយប្រហាររបស់រុស្ស៉ីផងដែរ៕