(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានអះអាងថាខ្លួនបានចល័តយន្ដហោះចម្បាំង Su-30 មួយគ្រឿង ដើម្បីរារាំងកុំឱ្យយន្ដហោះដ្រូន MQ-9 មួយគ្រឿង របស់សហរដ្ឋអាមេរិក បំពានចូលដែនអាកាសរបស់រុស្ស៉ី នៅតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ខណៈយន្ដហោះចម្បាំងរុស្ស៉ី ហោះទៅក្បែរ យន្ដហោះដ្រូនស៊ើបការណ៍បរទេសបានបកក្បាលហោះចេញឆ្ងាយ ពីព្រំដែន (រុស្ស៉ី)»។ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាយន្ដហោះដ្រូនបរទេសនេះគឺជាកម្មសិទ្ធិរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក រីឯយន្ដហោះចម្បាំង រុស្ស៉ីបានត្រឡប់ទៅកាន់មូលដ្ឋានទ័ពវិញដោយសុវត្ថិភាព ហើយក៏មិនមានការបំពានណាមួយចូលព្រំដែនរុស្ស៉ីនោះដែរ។

គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងយន្ដហោះចម្បាំងរុស្ស៉ី និងយន្ដហោះរបស់បណ្ដាប្រទេសលោកខាងលិច បានកើតឡើងជាច្រើនលើករួចមកហើយ នៅឯ តំបន់សមុទ្រខ្មៅ និងសមុទ្របាល់ទិក នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងបរិបទដែលរុស្ស៉ីកំពុងបន្តសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ តួយ៉ាងកាលពី ពាក់កណ្ដាលខែឧសភាកន្លងទៅ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានឡើងកម្ដៅ នៅពេលដែលយន្ដហោះដ្រូនអាមេរិក MQ-9 មួយគ្រឿង បានធ្លាក់ចូលសមុទ្រខ្មៅ បន្ទាប់ពីបុកទង្គិចគ្នាជាមួយយន្ដហោះចម្បាំងរុស្ស៉ី។

បន្ថែមពីលើនេះ ទីក្រុងមូស្គូ ក៏បានអះអាងដែរពីការស្ទាក់ចាប់យន្ដហោះចម្បាំងបារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអង់គ្លេស កាលពីពេលថ្មីៗនេះ៕