(ម៉ានីល)៖​ ទីក្រុងម៉ានីល នៅថ្ងៃអាទិត្យ ទី៦ ខែសីហានេះបានចោទប្រកាន់ឆ្មាំសមុទ្រចិនថាបានរាំងខ្ទប់ និងប្រើកាណុងបាញ់ទឹកដាក់លើទូកផ្គត់ផ្គង់មួយគ្រឿង របស់យោធាហ្វីលីពីន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាមួយការថ្កោលទោសថានេះជាទង្វើខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «នាវាមួយគ្រឿងរបស់ឆ្មាំសមុទ្រចិន កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) បានរាំងខ្ទប់ និងបាញ់កាណុងបាញ់ទឹកដាក់ទូកមួយគ្រឿងរបស់ហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ និងការផ្លាស់ប្ដូរវេនកងទ័ពប្រចាំការ ជាទម្លាប់ធម្មតា»។ សេចក្ដីថ្លែងការណ៍នេះដដែលបន្តទៀតថា ឧបទ្ទវហេតុខាងលើបានកើតឡើងនៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែល ទីក្រុងម៉ានីល ហៅថា Ayungin Shoal។ «សកម្មភាពដ៏គ្រោះថ្នាក់របស់ឆ្មាំសមុទ្រចិនបានរារាំងមិនឱ្យទូកហ្វីលីពីនមិនអាចទម្លាក់សម្ភារៈចុះ និងបញ្ចប់ បេសកកម្ម...យើងអំពាវនាវឱ្យឆ្មាំសមុទ្រចិន និងគណៈកម្មការយោធាមជ្ឈិមចិន ធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវក្នុងការ ធ្វើសកម្មភាពរបស់ខ្លួន សំដៅបញ្ចៀសការគណនាខុស និងឧបទ្ទវហេតុដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស»

តែទោះជាបែបនេះក្ដី អ្នកនាំពាក្យឆ្មាំសមុទ្រចិនម្នាក់ បានអះអាងថាចិនមានអធិបតេយ្យមិនអាចប្រកែកបានលើទីប្រជុំកោះ Spratly ព្រមទាំងដែនទឹកជុំវិញ ក្នុងនោះរួមទាំងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះក៏បានអះអាងផងដែរថាឆ្មាំសមុទ្រចិន បានធ្វើសកម្មភាពចាំបាច់ ស្របទៅតាមច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យទូកហ្វីលីពីន ដែលត្រូវបានចោទថាធ្វើសកម្មភាពចូលដែនទឹកចិនដោយគ្មានការអនុញ្ញាត និងដឹកសម្ភារសំណង់ ខុសច្បាប់។ ប៉ុន្តែ ខាងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ក៏បានចោទត្រឡប់ទៅវិញដែរថាសកម្មភាពរបស់ចិនបានរំលោភបំពានច្បាប់ ក្នុងនោះរួមមានអនុសញ្ញាអន្តរជាតិ ចំនួន២ និងសាលក្រមចេញដោយតុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍ មានមូលដ្ឋានក្នុងទីក្រុងឡាអេ។

គួរបញ្ជាក់ថា ចិន បានអះអាងពីអធិបតេយ្យរបស់ខ្លួនស្ទើរតែទាំងស្រុងទៅលើតំបន់សមុទ្រចិនខាងត្បូង ខណៈម៉ាឡេស៊ី វៀតណាម ព្រុយណេ តៃវ៉ាន់ និងហ្វីលីពីន ក៏បានទាមទារចំណែកអធិតេយ្យរៀងៗខ្លួន ក្នុងតំបន់ជម្លោះដែនទឹកដ៏សំខាន់មួយនេះផងដែរ៕